ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភា​៖​ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលការងារនៃការអនុវត្តមុខងារតាមដានការអនុវត្តច្បាប់របស់រដ្ឋសភានៅក្នុងរយៈពេល ៦ខែ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹក​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា រដ្ឋសភានីតិកាលទី៧មាន សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ជាប្រធាន បានចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣មក ហើយបានបិទបញ្ចប់សម័យប្រជុំលើកទី១នីតិកាលទី៧ កាលពីចុងខែធ្នូឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យនិង ទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ លើការបំពេញមុខងារទាំងបី របស់រដ្ឋសភា រួមមានមុខងារនីតិកម្ម តាមដានការអនុវត្តច្បាប់ និងភាពជាតំណាង។

ពេលនេះគឺសម័យកាលចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១និងសម័យប្រជុំរដ្ឋសភាលើកទី២ ដែលជាពេល វេលាមួយសម្រាប់សមាជិកសមាជិការដ្ឋសភា បំពេញមុខងារតាមដានការអនុវត្តច្បាប់។

ចំពោះមុខងារតាមដានការអនុវត្តច្បាប់ ក្នុងរយៈពេល៦ខែមកនេះ គណៈកម្មការនានានៃរដ្ឋសភាបាន អញ្ជើញសមាជិករាជរដ្ឋាភិបាលនិងប្រធានស្ថាប័ននានាចំនួន១៧ស្ថាប័ននិងអង្គភាព ឱ្យមកប្រជុំពិភាក្សាការងារ ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាលនីតិកាលទី៧។ ជាមួយគ្នានេះ រដ្ឋសភានឹងបន្តអញ្ជើញសមាជិកនៃរាជរដ្ឋាភិបាលនិងប្រធានស្ថាប័ននានា ចំណុះរាជរដ្ឋាភិបាលមកជួបពិភាក្សាការងារ ជាការចូលរួមគាំទ្រដល់ផែនការអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។ ប្រធានស្ថាប័នរដ្ឋ និងសមាជិករាជរដ្ឋាភិបាលដែលបានអញ្ជើញមកធ្វើបទបង្ហាញ និងពិភាក្សាការងារ ជាមួយគណៈកម្មការនានារបស់រដ្ឋសភា នៅក្នុងរយៈពេល៦ខែកន្លងមកនេះមានជាអាទិ៍៖

• អាជ្ញាធរសវនកម្មជាតិ ដឹកនាំដោយលោកស្រី សោម គឹមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ។ 

• ធនាគារជាតិនៃកម្ពុជា ដឹកនាំដោយលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។

• ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ឌិត ទីណា រដ្ឋមន្ត្រី។

• ក្រសួងមុខងារសាធារណៈ ដឹកនាំដោយ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រី។

• អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ ដឹកនាំដោយ លោកឧត្ដម សេនីយ៍ឯក សួន សំណាង អគ្គនាយក។

• ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី។

• ក្រសួងព័ត៌មាន ដឹកនាំដោយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី។

• ក្រសួងធម្មការ និងសាសនា ដឹកនាំដោយ លោក ចាយ បូរិន រដ្ឋមន្ត្រី។ 

• ក្រសួងទេសចរណ៍ ដឹកនាំដោយ លោក សុខ សូកេន រដ្ឋមន្ត្រី ។

• ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយ លោកស្រីបណ្ឌិតសភាចារ្យ រឿង សកុណា រដ្ឋមន្ត្រី។

• ក្រសួងកិច្ចការនារី ដឹកនាំដោយ លោកស្រីកិត្តិបណ្ឌិត ស៊ឹង កន្ថាផាវី រដ្ឋមន្ត្រី។

• ក្រសួងសុខាភិបាល ដឹកនាំដោយ លោក ឈាង រ៉ា រដ្ឋមន្ត្រី។

• ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយ លោក ហេង សួរ រដ្ឋមន្ត្រី។

• ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយ លោក ជា សុមេធី រដ្ឋមន្ត្រី។

• ក្រសួងរ៉ែ និងថាមពល ដឹកនាំដោយ លោក កែវ រតនៈ រដ្ឋមន្ត្រី ។

• ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ដឹកនាំដោយលោក ហែម វណ្ណឌី រដ្ឋមន្ត្រី។ 

• ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ លោក សាយ សំអាល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី។

    ក្រោយពីបានជួបប្រជុំពិភាក្សាគ្នាក្នុងស្មារតីទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ និងជាដៃគូដែលមិនអាច ខ្វះបានរវាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដូចរៀបរាប់ខាងលើរួចមក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់បំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ផ្ដោតការយកចិត្តទុកដាក់ជាអាទិភាពលើធនធាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព ជាពិសេសបានផ្ដល់ អាទិភាពលើការធានាការពារសុខសន្តិភាពដែលជាតម្លៃស្នូលរបស់សង្គម និងបានពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានការរីកចម្រើនលូតលាស់ជាលំដាប់ ស្របតាមការត្រួសត្រាយផ្លូវជាប្រវត្តិសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយរបស់អគ្គមគ្គទេសក៍ជាតិដ៏ឆ្នើម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋសភាសូមសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ក្រសួង-ស្ថាប័ន អង្គភាព ចំណុះរាជរដ្ឋាភិបាល ទោះនៅក្នុងរយៈពេលខ្លី ក៏អាចសម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត មានការដឹកនាំ គ្រប់គ្រងប្រកបដោយភាពច្នៃប្រឌិត បត់បែនតាមសភាពការណ៍ ក្នុងស្មារតីទទួលខុសត្រូវ អនុវត្តយុទ្ធសាស្ត្រ និង កម្មវិធីរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ ទៅតាមវិស័យការងារក្រសួង អង្គភាពសាមីរៀងៗខ្លួន។

ក្រៅពីការអញ្ជើញសមាជិករាជរដ្ឋាភិបាលមកប្រជុំនៅវិមានរដ្ឋសភា គណៈកម្មការជំនាញរបស់រដ្ឋសភា ក៏ ដូចជាសមាជិក សមាជិការដ្ឋសភាទាំងអស់ បានចុះមូលដ្ឋានសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលនៅតាមក្រសួង ស្ថាប័ន និងមណ្ឌលនៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីតម្រូវការ របស់ប្រជាពលរដ្ឋនិងអ្នកអនុវត្តច្បាប់ ទទួលសំណូមពរយកមកដោះស្រាយទៅតាមយន្តការរបស់រដ្ឋសភា។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងបន្តបេសកកម្មតាមមុខងាររបស់ខ្លួនឱ្យបានសកម្ម ទទួលខុសត្រូវ ចំពោះសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ លើកកម្ពស់ប្រសិទ្ធភាពការងារនិងនីតិរដ្ឋ រួមសហការជាមួយស្ថាប័ននីតិ ប្រតិបត្តិ ពង្រឹងអភិបាលកិច្ចល្អ ដោយតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាអាទិភាព ដើម្បីរក្សាបាននូវសុខសន្តិ កម្រិតខ្ពស់ភាព វិបុលភាព កិត្យានុភាព និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ជាប្រទេសមានចំណូលមធ្យម នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

ដោយ៖ស​ តារា


ចែករំលែក៖