ព័ត៌មានទាន់ហេតុការណ៍៖

ការបន្តការចរចាសន្តិភាពលើជម្លោះនៅភាគខាងត្បូងប្រទេសថៃ

ចែករំលែក៖

នៅថ្ងៃទី៦ ខែកុម្ភៈ ការចរចាសន្តិភាពត្រូវបានបន្តឡើងវិញដើម្បីបញ្ចប់ជម្លោះដ៏យូរពីរទសវត្សរ៍នៅភាគខាងត្បូងប្រទេសថៃ។ ការចរចាសន្តិភាពនេះបានធ្វើឡើង១ឆ្នាំបន្ទាប់ពីការចរចាថ្មីបំផុតមិនបានលទ្ធផល។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ ការចរចាថ្មីមួយរវាងតំណាងរដ្ឋាភិបាលថៃ និងចលនាបំបែកខ្លួននៃរណសិរ្សរំដោះជាតិ – Barisan Revolusi Nasional (BRN) បានប្រព្រឹត្តទៅក្នុងរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ គេរំពឹងថាការចរចាលើកនេះនឹងមានរយៈពេល២ថ្ងៃ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រធានអ្នកចរចារបស់រដ្ឋាភិបាលថៃ លោក Chatchai Bangchuad បានស្វាគមន៍បរិយាកាសវិជ្ជមាននៃកិច្ចពិភាក្សានៅថ្ងៃដំបូង។ យោងតាមលោក ភាគីទាំងពីរ “កំពុងពិចារណាយ៉ាងម៉ត់ចត់លើបញ្ហា ព្យាយាមដោះស្រាយបញ្ហាជាមួយគ្នា” ហើយបានសម្តែងក្តីសង្ឃឹមថា វឌ្ឍនភាពអាចប្រព្រឹត្តទៅបាននៅថ្ងៃបន្ទាប់នៃការចរចា។
ប្រធានអ្នកចរចាររបស់រដ្ឋាភិបាលថៃក៏បាននិយាយផងដែរថា គណៈកម្មាធិការបច្ចេកទេសនឹងសិក្សាលម្អិតអំពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ក្នុងអំឡុងខែដ៏វិសុទ្ធរបស់មូស្លីមនៃបុណ្យរ៉ាម៉ាដាន ដែលចាប់ផ្តើមនៅថ្ងៃទី 10 ខែមីនា។ មុនពេលការចរចា លោក Chatchai បាននិយាយថា បទឈប់បាញ់រយៈពេលវែងនឹងនាំមកនូវផលប្រយោជន៍ច្រើនជាងបទឈប់បាញ់ដែលមានតែក្នុងអំឡុងពេលខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន។
ជម្លោះបានផ្ទុះឡើងនៅភាគខាងត្បូងប្រទេសថៃចាប់តាំងពីឆ្នាំ ២០០៤ នៅពេលដែលខ្មាន់កាំភ្លើងនៅក្នុងតំបន់ភាគច្រើនមូស្លីមបានធ្វើការវាយប្រហារជាប្រចាំដើម្បីទាមទារស្វ័យភាពកាន់តែខ្លាំង។ អស់រយៈពេល 20 ឆ្នាំ ជម្លោះនេះបានធ្វើឱ្យមនុស្សជាង 7,300 នាក់បានស្លាប់ និង 13,500 នាក់បានរងរបួស៕

ដោយ៖ ធីរីណា(រូប​ថត​៖ TTXVN)


ចែករំលែក៖