ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺច្រាលអាស៊ីតក្រពះ (Gastroesophageal Reflux Disease: GERD)

ចែករំលែក៖

ភ្នំពេញ ៖ Q. តើរោគសញ្ញានៃជំងឺច្រាលអាស៊ីតក្រពះមានដូចម្តេចខ្លះ?

– មានអារម្មណ៍ក្ដៅក្នុងទ្រូង (ក្រហាយទ្រូង) បន្ទាប់ពីបរិភោគអាហារច្រើន ឬពត់បត់ខ្លួន លើកវត្ថុធ្ងន់ៗ ឬទំលាក់ខ្លួនដេក។

– មានរសជាតិល្វីង ហឹរ ឬជួរក្នុងមាត់ ដែលបណ្ដាលឱ្យមានផលវិបាកក្នុងបំពង់អាហារដូចជា ការរលាក ការហូរឈាម និងពិបាកលេប។

– ហើមពោះ មានអារម្មណ៍ថាឆាប់ឆ្អែត ចង្អោរ និងក្អួតបន្ទាប់ពីការបរិភោគ។

Q. តើមូលហេតុណាខ្លះបង្កអោយមានជំងឺច្រាលអាស៊ីតក្រពះ?

– ភាពមិនប្រក្រតី រឺ ភាពខ្សោយនៃប្រឹសបំពង់អាហារផ្នែកខាងក្រោម (Sphincter) ដោយការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ និងថ្នាំព្យាបាលជំងឺហឺតមួយចំនួន ។

– ភាពមិនប្រក្រតីនៃបំពង់អាហារ ធ្វើឲ្យអាហារដែលធ្លាក់ចូលទៅក្នុងក្រពះមានការយឺតយ៉ាវ បណ្ដាលឱ្យសារធាតុដែលនៅក្នុងក្រពះហូរត្រឡប់មកវិញ និងស្ថិតនៅក្នុងបំពង់អាហារយូរជាងធម្មតា។

– ភាពមិនប្រក្រតីនៃក្រពះ ដែលបណ្ដាលឲ្យមានភាពយឺតយ៉ាវក្នុងការរុញច្រានចំណីអាហារទៅក្នុងពោះវៀន និងបង្កើននូវរោគសញ្ញានៃការច្រាលទឹកអាស៊ីតក្រពះ។

អាហារមានជាតិខ្លាញ់ និងស្ករសូកូឡាគឺកាត់បន្ថយការកន្ត្រាក់របស់ចលនាក្រពះ។ 

– ជំងឺទឹកនោមផ្អែម ជាពិសេសផលលំបាករបស់វាទៅលើសរសៃប្រសាទ។

Q. តើគេអាចធ្វើជាគវិនិច្ឆ័យ ជំងឺច្រាលអាស៊ីតក្រពះ បានដោយរបៀបណា?

ដោយពិនិត្យទៅលើរោគសញ្ញាគ្លីនិក គ្រូពេទ្យអាចធ្វើការសន្និដ្ឋាន បានយ៉ាងងាយស្រួល។ ប្រសិនបើរោគសញ្ញាមិនមានភាពប្រសើរឡើងបន្ទាប់ពីអនុវត្តតាមដំបូន្មានរបស់វេជ្ជបណ្ឌិត ឬ បន្ទាប់ពីទទួលការព្យាបាលជាមូលដ្ឋានទ ការធ្វើតេស្តមួយចំនួននឹងត្រូវបានអនុវត្ត។

Q. តើការព្យាបាល ជំងឺច្រាលអាស៊ីតក្រពះ មានរបៀបដូចម្តេចខ្លះ?

ទីមួយ តាមរយៈការប្រើប្រាស់ថ្នាំ សម្រាប់ព្យាបាលបំពង់អាហារជាសះស្បើយ និងកាត់បន្ថយការផលិតអាស៊ីតក្រពះ។ ម្យ៉ាងទៀត ក៏មានជម្រើសក្នុងការវះកាត់ ប្រសិនបើការប្រើថ្នាំ មិនមានប្រយោជន៏ និងរោគសញ្ញានៅតែមាន រឺការស្ថានភាព ដែលអ្នកជំងឺមិនអាចទទួលការព្យាបាលដោយថ្នាំរយៈយូរ ឬជួបនូវផលរំខានបន្ទាប់បន្សំ។

ទីពីរ តាមរយៈ ការផ្លាស់ប្ដូររបៀបរស់នៅសាមញ្ញ ដូចជាៈ

– រក្សាទម្ងន់សមស្រប

– ជៀសវាងតែ កាហ្វេ ភេសជ្ជៈជាតិកាបូណាត ទឹកផ្លែឈើ អាហារជួរ និងហឹរ អាហារដែលមានជាតិខ្លាញ់ និងស្ករសូកូឡា

– ជៀសវាងគ្រឿងស្រវឹង និងថ្នាំជក់

– ជៀសវាងបរិភោគច្រើនសម្រាប់អាហារពេលល្ងាច ជៀសវាងទទួលទានដំណេកភ្លាមៗបន្ទាប់ពីបរិភោគអាហារ ត្រូវរង់ចាំយ៉ាងហោចណាស់ ៤ ម៉ោងបន្ទាប់ពីការទទួលទានរួច

– ជៀសវាងសម្លៀកបំពាក់ ឬខ្សែក្រវ៉ាត់ដែលរឹបខ្លាំង

– បរិភោគអាហារតិចតួច តែញឹកញាប់

– គេងក្នុងស្ថានភាពក្បាលខ្ពស់យ៉ាងហោចណាស់ ៦ម៉ិញ ពីលើគ្រែនៅលើខ្នើយដែលរឹង

– ហាត់ប្រាណអោយទៀងទាត់

– ជៀសវាងមានអារម្មណ៍តានតឹង ។

ជាចុងក្រោយ ជំងឺច្រាលអាស៊ីតក្រពះអាចក្លាយជាជំងឺរ៉ាំរ៉ៃ ប្រសិនបើអ្នកជំងឺមិនទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវទេនោះ វាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថៃ្ងព្រមទាំងមានការចំណាយច្រើន។

ដូច្នេះបើលោកអ្នកកើតមាននូវរាល់រោគសញ្ញាដែលបានរៀបរាប់ខាងលើនេះ សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ឋភាពខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖