ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរធ្វើការនៅក្រៅប្រទេសផ្ញើប្រាក់មកស្រុកជិត ៣ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៣

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ បានឱ្យដឹងថា ពលករខ្មែរដែលរស់នៅ និងបម្រើការងារនៅក្រៅប្រទេសជាង ១ លាន ៣ សែននាក់ បានផ្ញើប្រាក់មកក្រុមគ្រួសារនៅឯស្រុកកំណើតមានទំហំទឹក ប្រាក់ចំនួន ២,៩ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៣ ស្របពេល ដែលរាជដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោម ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ត បាននិងកំពុងខិតខំពង្រឹងកិច្ចសហ ប្រតិបត្តិការជាមួយបណ្តាដែលមានពលករកម្ពុជា ដើម្បីសម្របសម្រួលពាក់ព័ន្ធនឹងការងាររបស់ពលករកម្ពុជា។ 

លោក ហេង សួរ បានថ្លែងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ កាល ពីថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ ២០២៤ថាប្រជាពលរដ្ឋខ្មែរប្រមាណ ១,៣៥ លាននាក់បានទៅធ្វើការនៅបរទេស ដោយបានផ្ញើប្រាក់ចំនួន ២,៩ ពាន់លានដុល្លារអាមេរិក ត្រឡប់ទៅគ្រួសាររបស់ពួកគេ នៅឆ្នាំ ២០២៣។

លោក ហេង សួរ ថ្លែងដូច្នេះថា៖ «បានផ្តល់ឱកាសការងារ និងគាំពារពលករកម្ពុជាកំពុងស្នាក់នៅ និងកំពុងធ្វើការនៅក្រៅប្រទេសបានចំនួន ១ លាន ៣ សែន ៥ ម៉ឺន ៦ ពាន់នាក់។ ក្នុងនោះ ប្រទេសថៃចំនួន ១ លាន ២ សែននាក់ កូរ៉េខាងត្បូងជាង ៥ ម៉ឺននាក់ ជប៉ុន ២ ម៉ឺននាក់ ម៉ាឡេស៊ី ២ម៉ឺន ២ ពាន់នាក់ ព្រមទាំង សិង្ហបុរីជាង ៨០០ នាក់ តំបន់រដ្ឋបាលពិសេសហុងកុងជាង ២០ នាក់ និង ៦៤ នៅអារ៉ាប៊ីសាអូឌីត ហើយជាមធ្យម ពលករ បានបញ្ជូនប្រាក់បញ្ញើមកក្នុងប្រទេសវិញក្នុងឆ្នាំបានចំនួន ២,៩ ប៊ីលានដុល្លារអាមេរិកផងដែរ»។

លោករដ្ឋមន្រ្តី ថ្លែងបន្ថែមថា ពួកគេ មិនត្រឹមតែ បានផ្ទេរប្រាក់ទៅសមាជិកគ្រួសាររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានជំនាញបច្ចេកទេសសម្រាប់ការអភិវឌ្ឍន៍ជាតិនៅពេលពួកគេត្រឡប់ទៅផ្ទះវិញផងដែរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងយកចិត្តទុកដាក់លើពលករកម្ពុជានៅក្រៅប្រទេសយ៉ាងខ្លាំង។ 

លោក ហេង សួរ ថ្លែងបន្តថា ៖ «ក្នុងឱកាសនេះ ខ្ញុំបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចធិបតីនាយករដ្ឋមន្រ្តីដែលតែងតែយកចិត្តបងប្អូនពលករ និងសហគមន៍ខ្មែរដែលរស់នៅដោយសម្តេចតែងតែស្នើ សុំដល់បណ្តាប្រទេសទទួលពលករកម្ពុជា ជាពិសេសប្រទេសថៃ ដែលមានបងប្អូនពលករស្នាក់នៅ និងធ្វើ ការងារច្រើនឱ្យយកចិត្តទុកដាក់គោរពនូវសិទ្ធិ កិត្តិយសសេចក្តីថ្លៃថ្នូរ ផល ប្រយោជន៍ ក៏ដូចជា នូវការចេញចូលឆ្លងដែររបស់បងប្អូនយើងផងដែរ»។

ជាក់ស្តែង ដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃរបស់សម្តេចធិបតី កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ទទួលផលជាវិជ្ជមាន ដោយរាជរដ្ឋាភិបាលថៃ បានសម្រេចបញ្ចុះតម្លៃទិដ្ឋាការងារសម្រាប់ពលករកម្ពុជា ដែលតម្លៃស្នើសុំទិដ្ឋាការថ្មី ២ ០០០ បាត និង តម្លៃបន្តទិដ្ឋាការការងារ ថ្លៃ ១៩០០ បាត ត្រូវបានបញ្ចុះតម្លៃនៅត្រឹម ៥០០ បាត គិតចាប់ពីពេលនេះ រហូតដល់ ឆ្នាំ២០២៧៕

ដោយ៖ សូរិយា


ចែករំលែក៖