ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ០៣​នាក់ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​៣នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចប្រាប់ថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១-ឈ្មោះ​ ឃឹម ម៉េងឡុង ភេទប្រុស អាយុ១៦ឆ្នាំ,​ ២-ឈ្មោះ រឺចី ណៃ(លីប) ភេទប្រុស អាយុ១៦ឆ្នាំ​, ៣-ឈ្មោះ​ ថា សោភា ភេទប្រុស អាយុ១៦ឆ្នាំ​។ ជនសង្ស័យទាំង៣នាក់ បច្ចុប្បន្នរស់នៅភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច​បុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ កាលពីវេលាម៉ោងកេីតហេតុខាងលើកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រក្រុងក៏ប្រទះឃេីញក្រុមក្មេងទំនេីង។ ដោយមានការសង្ស័យ​ កម្លាំងក៏បានឆែកឆេរទៅលើក្រុមក្មេងទំនើងទាំង០៣នាក់ រកឃើញមានកាំបិតខ្វែវ ប្រវែង៣៦សង់ទីម៉ែត្រចំនួន០១ដើម។  ភ្លាមៗកម្លាំងក៏បានដកហូតនិងធ្វេីការឃាត់ជនសង្ស័យទាំង០៣នាក់នោះនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។ ក្រោយឃាត់ខ្លួន​និងសួរនាំ ក្រុមក្មេងទំនេីងទាំង៣នាក់​បានសារ​ភាពថា​ ពួកខ្លួនពិតជាបានលាក់ទុកកាំបិតខ្វែវក្នុងម៉ូតូដើម្បីការពារខ្លួនប្រាកដមែន។​ ដោយផ្អែកលេីចម្លេីយសារភាព​និងមានវត្ថុតាង​ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាមនីតិវិធី​។ លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ វណ្ណា


ចែករំលែក៖