ភ្នំពេញ៖ ជាថ្មីម្តងទៀតលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅវេលាម៉ោង២ៈ៣០នាទី រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក-លោកស្រី លោកប្រធានការិយាល័យ លោក -លោកស្រីចៅសង្កាត់លោកមេប៉ុស្តីនិងស្មៀនសង្កាត់ទាំង៨ ។
នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌបានដាក់ចេញនូវវិធានការដែលត្រូវអនុវត្តបន្ត ទី១-ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពអោយមានប្រសិទ្ធភាព ជាពិសេសត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយនូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តអោយទទួលបានលទ្ធផលល្អ និងត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអោយបានម៉ឺងម៉ាត់បំផុតក្នុងការលុបបំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌនិងសង្កាត់ ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុខុដុមរមនា ។
ទី២-ដើម្បីលើកកម្ពស់សោភណភាពមូលដ្ឋានខណ្ឌ កម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ត្រូវរួមគ្នាខិតខំអនុវត្តអោយមានប្រសិទ្ធភាពក្នុងចុះការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរថែមទៀត ដោយអនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ។ ចំណុចមួយទៀតពេលសិស្សចេញពីរៀនអាជ្ញាធរមូលដ្ឋានត្រូវចាត់ចែងកម្លាំងសម្រួលចរាចរណ៍នៅតាមសាលារៀនទាំងអស់ដើម្បីកុំអោយកកស្ទះ ក៏ដូចជាសុខសុវត្ថិភាពសិស្ស និងអ្នកដំណើរលើដងផ្លូវ ។ មួយផ្នែកទៀតត្រូវរៀបចំសណ្តាប់ធ្នាប់រថយន្តតាក់ស៉ីដែលឈប់ចតចាប់ម៉ូយរត់ប្រសេចប្រសាចនៅលើចិញ្ចើមផ្លូវជាតិលេខ១ចំណុចជិតគល់ស្ពានព្រះមុនីវង្សទៅដល់វត្តនិរោធ ។ សកម្មភាពបែបនេះធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន ។
លោកអភិបាលបានបន្តថា សូមអនុវត្តបន្តតាមកិច្ចសន្យាដែលមានស្រាប់ជាមួយម្ចាស់ផ្ទះដែលបានធ្វើជាមួយអាជ្ញាធរជាពិសេសផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់ខេត្តកណ្តាល ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់តំបន់ច្រាំងបាក់ និងតាមបណ្តោយផ្លូវជាតិលេខ១ ទៅដល់ព្រំប្រទល់ស្រុកកៀនស្វាយ ។
ទី៣- ត្រូវយកចិត្តទុកដាកក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ រួមមានសេវាតម្រូវការ សេវាសំណូមពរ សេវាចាំបាច់ ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព ។ ជាពិសេសត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋរស់នៅក្នុងបុរីនិងសំណង់ផ្ទះល្វែងអោយបានហ្មត់ចត់បំផុត ។
ចុងបញ្ចប់នៃកិច្ចប្រជុំលោកអភិបាលខណ្ឌបានកោតសរសើរដល់កងកម្លាំងទាំងអស់របស់គណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់បានសហការគ្នាល្អក្នុងការការពារសន្តិសុខសណ្តាប់ សាធារណៈបានល្អប្រសើរដើម្បីផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ។ ជាពិសេសគណៈបញ្ជាការឯកភាពសង្កាត់ ខណ្ឌ ចាប់ពីពេលនេះតទៅត្រូវអនុវត្តអោយបានម៉ឺងម៉ាត់បំផុតតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលុបបំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ ៕
ដោយ៖ សណ្តោស