របាយការណ៍របស់ UEFA បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United កាលពីឆ្នាំមុនគឺជាក្លិបចំណាយច្រើនបំផុតមិនធ្លាប់មាននៅក្នុងកីឡាបាល់ទាត់។របាយការណ៍ហិរញ្ញវត្ថុ និងការវិនិយោគរបស់ក្លិបអឺរ៉ុបអះអាងថា កីឡាកររបស់ Man Utd នៅដំណាច់ឆ្នាំហិរញ្ញវត្ថុឆ្នាំ២០២៣ របស់ពួកគេត្រូវចំណាយអស់១.៤២ពាន់លានអឺរ៉ូ (១.២១ពាន់លានផោន) ក្នុងថ្លៃផ្ទេររួមគ្នា ខណៈដែលក្រុម Real Madrid កាលពីឆ្នាំ២០២០ មានតម្លៃ១.១៣ពាន់លានផោនជាប់លំដាប់ទី២។
ការផ្ទេរកីឡាករថ្លៃរបស់ក្លិប United រួមមាន Antony ៨២លានផោន, Harry Maguire ៨០លានផោន, Jadon Sancho ៧៣លានផោន និង Casemiro ៧០លានផោន។ សរុបមិនរាប់បញ្ចូល៧២លានផោនសម្រាប់ Rasmus Hojlund, ៥៥លានផោនសម្រាប់ Mason Mount និង៤៧លានផោនសម្រាប់ Andre Onana ដែលពួកគេទាំងអស់បានចូលរួមនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ២០២៣។
Manchester United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ដែលជាយុទ្ធនាការដំបូងរបស់ពួកគេក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Erik ten Hag។
របាយការណ៍បានបញ្ជាក់ថា ក្រុម៣ផ្សេងទៀតគឺ Manchester City, Chelsea និង Real មានតម្លៃច្រើនជាង១ពាន់លានផោនក្នុងថ្លៃផ្ទេរ។ តួលេខរបស់ Chelsea កើនឡើងដល់ខែមិថុនា ឆ្នាំ២០២២ មានន័យថា ៨៥០លានផោនដែលពួកគេបានចំណាយពីរដូវក្តៅនៃឆ្នាំនោះដល់ខែសីហា ឆ្នាំ២០២៣មិនត្រូវបានរាប់បញ្ចូលនោះទេ។
កិច្ចព្រមព្រៀងរបស់មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe ដើម្បីទិញភាគហ៊ុន២៥% នៅក្នុងក្លិប Manchester United ត្រូវបានអនុម័តដោយសមាគមបាល់ទាត់កាលពីថ្ងៃពុធ។ ការទិញនេះមានតម្លៃប្រហែល១.០៣ពាន់លានផោន ហើយ Ineos Group របស់គាត់នឹងគ្រប់គ្រងប្រតិបត្តិការបាល់ទាត់៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)