ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សូមជម្រាបជូនសាធារណជន ក៏ដូចជាភ្ញៀវជាតិ-អន្តជាតិ មេត្តាជ្រាបថា៖ ក្រោយពីមានការបង្ហោះព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្ន អំពីបញ្ហាសន្ដិសុខ នៅរាជធានីភ្នំពេញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កន្លងមកបានស្រាវជ្រាវ និងធ្វើការទប់ស្កាត់រាល់បទល្មើស ហើយរយៈពេលប៉ុន្មានខែចុងក្រោយនេះមិនមានករណីឆក់នៅលើផ្លូវព្រះស៊ីសុវត្ថិនោះទេ ហើយសមត្ថកិច្ចមិនបានទទួលព័ត៌មាន ឬពាក្យបណ្តឹងពីជនបរទេស ឬប្រជាពលរដ្ឋរុស្ស៉ីណាម្នាក់ រងគ្រោះដោយសារអំពើចោរកម្ម ផងដែរ គឺមានតែករណីជនជាតិឆែក គាត់ស្រវឹងដេកលើបង់នៅសួនច្បារមាត់ទន្លេ ហើយត្រូវជនសង្ស័យយកឡាមកាត់ខ្សៃកាបូប និងលួចទូរស័ព្ទដៃ។ ក្រោយកើតហេតុសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនូន០១នាក់ បច្ចុប្បន្នជនជាតិឆែកមិនទាន់បានមកទទួលសម្ភារៈនូវឡើយទេ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំអំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជាមួយការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ គឺមិនមានព័ត៌មាន ឬរបាយការណ៍មានករណីឆក់ទ្រព្យសម្បត្ដិរបស់ជនបរទេសណាមួយនៅឡើយទេ នៅផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ ប៉ុន្តែក្នុងករណីជនបរទេសរងនូវអំពើនេះ សូមទំនាក់ទំនងមកសមត្ថកិច្ចដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបករណីឆក់ លួច ឱ្យទាន់បានទាន់ពេលវេលា៕
ដោយ៖ តារា