ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកបទពិសោធន៍សិក្សាដល់សមាជិកានិងសិស្សនិស្សិត៦៥០នាក់ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី»

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៤នេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី “បងស្រី និងប្អូនស្រី” ដោយបានចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ អំពីការសិក្សាតាំងពីថ្នាក់បឋម ដល់ថ្នាក់បណ្ឌិត ជូនដល់សមាជិកា ប្អូនៗយុវតី និងសិស្សនិស្សិតប្រមាណ៦៥០នាក់ នៅសាលប្រជុំបាត់ដំបងសុីធីហល ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវជាភ្ញៀវកិត្តិយស ស្នងការ សមាជិកា សមាជិកគាំទ្រយុវតីក្រុមវឌ្ឍននារី ប្អូនៗសិស្សនិស្សិតមកពីតាមសាលានានា និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តបាត់ដំបងប្រមាណ៦៥០នាក់។

ក្នុងឱកាសឆ្លើយសំនួរ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានចែករំលែកចំណេះដឹង បទពិសោធន៍ជីវិត និងការងារជូនដល់សមាជិកានិងអ្នកចូលរួម ពិសេសប្អូនៗសិស្សនិស្សិតមកពីតាមបណ្តាសាលានានា ចូលរួមទទួលយកបទពិសោធន៍ដែលលោកស្រីបណ្ឌិតបានជួបប្រទះកន្លងមក ដើម្បីធ្វើជាត្រីវិស័យចង្អុលទិស ក្នុងការរៀបចំគោលដៅរបស់ខ្លួននាពេលអនាគត។ បន្ថែមលើនេះ ការចូលរួមក្នុងកម្មវិធីក៏ជាផ្នែកមួយនៃការបង្កើនបណ្ដាញទំនាក់ទំនងល្អ (Good Network) ដល់ខ្លួនឯង ជាមួយមិត្តភក្តិដទៃទៀត និងជាឱកាសឱ្យខ្លួនយើងបញ្ចេញភាពក្លាហាន តាមរយ:ការសួរសំណួរ ហើយប្អូនៗទទួលបានត្រឡប់ទៅវិញនូវសារសំខាន់ៗមួយចំនួន ដែលលោកស្រីបណ្ឌិតយកបទពិសោធន៍ជីវិតមកចែករំលែកផ្ទាល់។

បទពិសោធន៍និងចំណេះដឹងខាងលើបានបង្ហាញពីថាមពលនិងការចាប់ផ្តើមដ៏ល្អ សម្រាប់ប្អូនៗយុវតី និងសមាជិកាទាំងអស់ ដោយត្រូវបណ្តុះគំនិតវិជ្ជមាន មានពុទ្ធិ និងភាពម្ចាស់ការលើខ្លួនឯង ដើម្បីយកទៅអនុវត្តលើជីវភាពប្រចាំថ្ងៃ ដែលមានទាំងការសិក្សានិងការអនុវត្តការងារជាដើម។

សូមបញ្ជាក់ថា អង្គពិធីទាំងមូលបានសម្តែងក្ដីរីករាយ ចំពោះសារសំខាន់ៗរបស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានចែករំលែកបទពិសោធន៍ជីវិត និងការងារជូនដល់ប្អូនៗសិស្សនិស្សិត យុវតី និងក្រុមវឌ្ឍននារីនាពេលនេះ ដើម្បីបានជាគន្លឹះអាចឱ្យពួកប្អូនៗយកទៅអនុវត្ត កសាងអនាគត និងទិសដៅជីវិតឱ្យប្រសើរឡើង។ ជាងនេះផងដែរ គឺនឹងកាន់តែជំរុញទឹកចិត្ត ការចូលរួមស្ម័គ្រចិត្តចែករំលែករបស់សមាជិកគាំទ្រកាន់តែខ្លាំងបន្ថែមទៀតលើសកម្មភាពការងារសង្គម ព្រោះទឡ្ហីករណ៍ខាងលើបានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពពិតជាក់ស្តែង និងទទួលបានផលប្រយោជន៍ ពីកម្មវិធីរបស់សមាគម ហើយអភិវឌ្ឍពួកគាត់យ៉ាងពិតប្រាកដ៕

ដោយ៖ សូរិយា


ចែករំលែក៖