ព័ត៌មានទាន់ហេតុការណ៍៖

លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំរបស់ក្រុមពិភាក្សា ដើម្បីត្រៀមការងារពិភាក្សា ក្នុងពិធីសន្និបាតក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ​៖​ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃច​ន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមពិភាក្សា ដើម្បីត្រៀមការងារពិភាក្សា ក្នុងពិធីសន្និបាតក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការរង អគ្គស្នងការរង ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា ដោយមានការចង្អុលដឹកនាំពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កិច្ចប្រជុំនៅថ្ងៃនេះគឺជាការត្រៀមលក្ខណៈ រៀបចំកិច្ចការងារសំខាន់នានាសម្រាប់កិច្ចពិភាក្សាជាក្រុមក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នាពេលខាងមុខនេះ​។ 

លោកសន្តិបណ្ឌិត បានបញ្ជាក់ថា ការពិភាក្សាជាក្រុមនេះមានភាពចាំបាច់សំដៅកំណត់នូវបញ្ហាប្រឈមនានា និងអនុសាសន៍ ក៏ដូចជាដំណោះស្រាយ ធ្វើយ៉ាងណាឱ្យលទ្ធផលនៃកិច្ចពិភាក្សាអាចបម្រើឱ្យទិសដៅការងារសម្រាប់ឆ្នាំ២០២៤។

បន្ថែមពីនេះ លោកសន្តិបណ្ឌិត បានលើកឡើងថា លទ្ធផលរបស់ក្រុមពិភាក្សាគឺផ្អែកទៅលើធាតុចូលពីក្រុមការងារពាក់ព័ន្ធ សម្រាប់ផ្ដើមជាយោបល់ជូនថ្នាក់ដឹកនាំក្នុងការជំរុញទិសដៅការងាររបស់ក្រសួងមហាផ្ទៃឱ្យបានគ្រប់ជ្រុងជ្រោយ និងជាពិសេសស្របតាមយុទ្ធសាស្ត្របញ្ចកោណដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក៏ដូចជាបេសកកម្ម តួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃផងដែរ៕ 

ដោយ៖ តារា


ចែករំលែក៖