ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សជាង៦០នាក់ត្រូវឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ៤៥ករណី ដែលថយចុះនាសប្ដាហ៍ចុងក្រោយនេះ!

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន៤៥ករណី នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសទាំង៤៥ករណី នោះ សមត្ថកិច្ចនគរបាលជាតិ បានក្រសោបចាប់ឃាត់ខ្លួនជសង្ស័យសរុបចំនួន៦៥នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

ជាការកត់សម្គាល់ បើធៀបនឹងសប្ដាហ៍កន្លងទៅ ករណីបទល្មើសព្រហ្មទណ្ឌ ក្នុងសប្ដាហ៍ចុងក្រោយនេះ បានថយចុះ។ កាលពីសប្ដាហ៍កន្លងទៅនោះ នគរបាលជាតិបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌជិត៧០ករណី និងឃាត់ខ្លួនមនុស្សជាង៩០នាក់។ 

ឈរលើទស្សនៈ «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ» ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា លោកអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដៅយកការងារអាទិភាពចំនួន៦  ដោយក្នុងនោះ ការបង្ការ និងបង្ក្រាបបទល្មើសក្នុងសង្គមក៏ជាអាទិភាពដែរ។

លោក ទូច សុឃៈ បានឱ្យដឹងថា លោកអភិសន្តិបណ្ឌិត បានរម្លឹកជារឿយៗឱ្យអាជ្ញាធរមូលដ្ឋាន រួមទាំងកម្លាំងនគរបាលជាតិ យកចិត្តទុកដាក់ជំរុញអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងកៀរគរប្រជាពលរដ្ឋចូលរួមគាំទ្រឱ្យបានផុសផុលតាមទស្សនៈ «ប្រជាពលរដ្ឋម្នាក់ក៏ជានគរបាលមួយរូប»៕

ដោយ ៖ អារុណ​រះ


ចែករំលែក៖