ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ នៅថ្ងៃទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។

ដំណើរទស្សនកិច្ចនេះនឹងចូលរួមពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃ “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ព្រមទាំងកៀរគរអ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជា ដើម្បីជាគុណប្រយោជន៍សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។

គណៈប្រតិភូនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជប៉ុន រួមមាន៖ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រសួងការបរទេស ក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ព្រមទាំងធ្វើទស្សនកិច្ចគម្រោងលំនៅឋានតម្លៃសមរម្យ ទីភ្នាក់ងាររុករកលំហអាកាសជប៉ុន JAXA អាជ្ញាធរព័ត៌មានទីតាំងភូមិសាស្ត្រជប៉ុន GSI ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA សហព័ន្ធសមាគមមេធាវី Shiho-Shoshi សមាគមជប៉ុនកម្ពុជា JCA ព្រមទាំងជួបពិភាក្សាការងារជាមួយអ្នកវិនិយោគជប៉ុន​ ពាក់ព័ន្ធវិស័យរបស់ក្រសួងដែនដីនគរូបនីយកម្ម​ និងសំណង់​៕

ដោយ៖ តារា


ចែករំលែក៖