ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញបុកម៉ូតូស្លាប់២នាក់ នៅស្រុករលាប្អៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង ម្នាក់ទៀតរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅមុខផ្សារព្រៃខ្មែរ ស្ថិតនៅភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

  សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ម្នាក់ឈ្មោះ ឡាយ ម៉ៅ ភេទស្រី អាយុ៧០ឆ្នាំ រស់នៅភូមិ ព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតឈ្មោះ ព្រំ ស៊ីដានី ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ រងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។ 

  សមត្ថកិច្ចមូលដា្ឋនបានបញ្ជាក់អោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ ៣E-០២៥១ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងដំណើរខ្វែងទិសគ្នា ពេលមកដល់ចំណុចកើតហេតុ ក៏បានទៅបុកម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ទឺកសមុទ្រ គ្មានស្លាកលេខបើកបរក្នុងទិសដៅពីលិចទៅកើត បណ្តលអោយជនរងគ្រោះប៉ើងចេញពីម៉ូតូរងរបួសធ្ងន់ បានស្លាប់ពេល បញ្ជូនទៅមន្ទីរពេទ្យនិង រថយន្តបានជ្រុលទៅបុកអ្នកថ្មើរជើងម្នាក់ទៀតបង្ករអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្ករ បានបើករត់គេច ជិតដល់រង្វង់មូលឆ្នាំង ទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល ។

នៅពេលនេះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកម្ចាស់រថយន្ត និង អ្នកបើកបរថយន្តដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

ដោយ៖ ចន្ថា


ចែករំលែក៖