ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តសាំយ៉ុងបុកម៉ូតូរួចកិនបុរសម្នាក់បែកក្បាលស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុខណៈបើកម៉ូតូបម្រុងបត់ឆ្លងផ្លូវត្រូវរថយន្តសាំយ៉ុងបើកមកលឿនបុកពេញទំហឹងរួចកិនចំក្បាល រីឯអ្នកបើករថយន្តបង្កបានរត់គេខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវបេតុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះផល ស៊ីថេន អាយុ៣៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយប្រពន្ធ មានស្រុកកំណើតនៅស្រុកសង្កែខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-7653 បើកដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលំមួយខ្សែក្នុងទិសដៅពីលិចទៅកើត ខណៈបើកមកដល់ចំណុចកើតហេតុបានបត់ឡើងផ្លូវបេតុងមួយខ្សែទៀតស្របពេលនោះក៏មានរថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AE-3364 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកម៉ូតូបុរសជាជនរងគ្រោះពេញទំហឹងបណ្តាលឱ្យដួលរួចកិនពីលើបន្ថែមបណ្តាលឱ្យស្លាប់នៅនឹងកន្លែង ចំណែកឯអ្នកបើករថយន្តបង្កបានបើកទ្វាររត់គេចពីកន្លែងកើត ហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកពិនិត្យវាស់វែង ធ្វើកំណត់ហេតុយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំឱ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖