ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ យានយន្តសរុប ១០៦ ៥៩៣ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថា​ យានយន្តសរុប ១០៦ ៥៩៣ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ 

លោកអ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ថា​ របាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ រហូតដល់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ១០៦ ៥៩៣ គ្រឿង។

របាយការណ៍បញ្ជាក់ថា មានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១៤៦ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ស្វែងរកជំនួយចំនួន ៦០ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៨៤ករណី)។

បន្ថែមពីនេះ​ លោក​ ផន​ រឹម​ បានគូសបញ្ជាក់ថា​ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។​ សូមបើកបរដោយសុវត្ថិភាព!

ដោយ​៖ ស​ តារា


ចែករំលែក៖