ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយ​​ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៩ នៅសណ្ឋាគារសុខាភ្នំពេញ ។ 

នៅក្នុងពិធីដ៏មហោទ្បារិក សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បន្តគោលនយោបាយពីអាណត្តិមុនៗ គឺពង្រឹងការអនុវត្ដគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដោយផ្ដោតការយកចិត្តទុកដាក់លើការកាត់បន្ថយឈានដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ដែលជាវិធានការគន្លឹះទី៤របស់ខ្លួនក្នុងចំណោមវិធានការគន្លឹះទាំង៥ ។ ក្នុងន័យនេះរាជរដ្ឋាភិបាលបានធ្វើការកែទម្រង់រចនាសម្ព័ន្ធដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយចាត់តាំងឧបនាយករដ្ឋមន្ត្រី ១ រូប ជាប្រធាន និងឧបនាយករដ្ឋមន្រ្តី ៣ រូបទៀត ជាអនុប្រធាន ទេសរដ្ឋមន្ត្រី ១  រូប ជាអនុប្រធានប្រចាំការ, រួមទាំង រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ជាសមាជិក ដើម្បីឱ្យការប្រយុទ្ធប្រឆាំងគ្រឿងញៀនមានភាពទូលំទូលាយ និង គ្រប់ជ្រុងជ្រោយ ឆ្លើយតប ទៅនឹងសភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន ។ ទន្ទឹមនេះ ឈរលើមូលដ្ឋាន នៃគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» ដើម្បីឱ្យក្រសួង-ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្ស ប្រកដោយ ភាពស្អាតស្អំ និងភាពជាគម្រូនៃការអនុវត្តច្បាប់ សម្ដេចមហាបវរធិបតី ក៏បានប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគបាលជាតិ និងយោធិន ព្រមទាំងមន្រ្តីជាប់កិច្ចសន្យាស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀន ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមទាំងត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន និងមន្ត្រីជាប់កិច្ចសន្យាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀន ឬមានពាក់ព័ន្ធនឹងគ្រឿងញៀន ។ លើសពីនេះ  សម្តេចធិបតី ក៏បានប្រកាសសារជាថ្មីម្តងទៀតនូវ​ជំហរ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ដាំដំណាំ​កញ្ឆា​ ​នៅ​តាម​មូលដ្ឋាន​ទូទាំង​ប្រទេសកម្ពុជា​ ​ដើម្បី​ធានា​ថាកម្ពុជា​គ្មាន​ការ​ផលិត​សា​ធារ​ធាតុ​ញៀន​ ​និង​គ្មាន​ការប្រើប្រាស់​គ្រឿងញៀន​ផ្សំ ​។​ 

ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះការខិតខំយកចិត្តទុកដាក់រៀប​ចំ​កែសម្រួលពង្រឹងយន្តការ និងដាក់ចេញនូវវិធានការជាក់ស្តែង និងប្រាកដនិយមមួយចំនួន សំដៅពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការប្រយុទ្ធប្រឆាំងគ្រឿងញៀន មួយកម្រិតថែមទៀត ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានចំពោះការដាក់ចេញផែនការការងារអាទិភាព ទាំង ៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរួមមាន ៖ (១) ការងារផ្សព្វផ្សាយ និងអប់រំ, (២) ការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងគីមីផ្សំ, (៣) ការងារព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម, (៤) ការងារពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់, និង (៥) ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ៕

ដោយ៖ ស តារា


ចែករំលែក៖