ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុករថយន្ត បណ្តាលឲ្យមនុស្សរបួសធ្ងន់០៤នាក់ ស្រាល០១នាក់ នៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យោងតាម​ប្រភពព័ត៌មាន​ពី​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះថា​ យ៉ាងហោចណាស់មានអ្នករងរបួសធ្ងន់ ០៤នាក់ របួសស្រាល ០១នាក់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុករថយន្ត ចំណុចផ្លូវឆ្លងចូលត្រពាំងសង្កែ ចន្លោះគីឡូម៉ែត្រលេខ១៩១-១៩២ ស្ថិតនៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី១៩ ខែកុម្ភៈម្សិលមិញនេះ​ ។

ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា ៖ មុនពេលកើតហេតុ គេបានឮរថភ្លើងបានបន្លឺសម្លេងស៊ីផ្លេ មុនមកដល់ចំណុចមានយន្តជំនិះផ្សេងឆ្លងកាត់ ដោយបានបញ្ជាក់ពីការមកដល់រថភ្លើងដែលកំពុងសណ្ដោងដឹកប្រេង ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស  ពាក់ស្លាកលេខ ព្រះសីហនុ 3A-8596 ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 4A-3487 បានបើកឆ្លងផ្លូវពីជើងទៅត្បូង ខណៈនោះ រថភ្លើងបានបុករថយន្ត បណ្តាលឲ្យរថយន្តធ្លាក់ផ្លូវ និងរងរបួសអ្នកធ្វើដំណើរតាមរថយន្តចំនួន ០៥នាក់ ឃើញហេតុការណ៍ដូចនេះប្រភពបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ និងជួយសង្គ្រោះជនរងគ្រោះ។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ៖ គ្រោះថ្នាក់រវាងរថភ្លើងនឹងរថយន្តខាងលើ បណ្តាលឲ្យមានអ្នករបួសធ្ងន់ចំនួន ០៤នាក់ និងស្រាល ០១នាក់ ។ លោកបានបន្តថា អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ានដាយ មានឈ្មោះ ណូក ប៊ុនហួយ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មិនមានរបួសទេ ក្នុងនោះអ្នករួមដំណើរចំនួន០៦នាក់ មានរងរបួសធ្ងន់ស្រាលចំនួន០៥នាក់ ទី១ឈ្មោះ យ៉ាន់ រ៉ា ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិស្ដុកស្វាយ ឃុំស្នាមព្រះ រងរបួសស្រាល ទី២ឈ្មោះ វ៉ាន់ ប៊ន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្ដុកស្វាយ ឃុំស្នាមព្រះ រងរបួសធ្ងន់ ទី៣ឈ្មោះ ឈម នាង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិស្ដិកស្វាយ ឃុំស្នាមព្រះ រងរបួសធ្ងន់ ទី៤ឈ្មោះ សាយ សុខនី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិស្ដិកស្វាយ ឃុំស្នាមព្រះ រងរបួសធ្ងន់ ទី៥ឈ្មោះ នូ បារាំង ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិស្ដិកស្វាយ ឃុំស្នាមព្រះរងរបួសធ្ងន់ ចំពោះអ្នករងរបួស ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បច្ចុប្បន្នវត្ថុតាង រថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍ រីឯរថភ្លើងនិងអ្នកបើកបរមានឈ្មោះ ឡោ សាវី ភេទប្រុស អាយុ ៥៣ឆ្នាំ អោយបន្តដំណើរទៅមុខបន្ត ដោយទុកលេខទូរសព្ទសម្រាប់ទំនាក់ទំនង៕

ដោយ៖ អរុណរះ


ចែករំលែក៖