ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីការបោះឆ្នោតធំបំផុតលើពិភពលោកក្នុងប្រទេសឥណ្ឌូណេស៊ី បុគ្គលិករហូតដល់៧១នាក់បានស្លាប់ដោយសារការហត់នឿយ

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មាន Bloomberg បានដកស្រង់ព័ត៌មានពីរដ្ឋាភិបាលឥណ្ឌូនេស៊ីថា មកទល់នឹងពេលនេះ មនុស្សចំនួន ៧១ នាក់បានស្លាប់ដោយសារភាពអស់កម្លាំង បន្ទាប់ពីការបោះឆ្នោតដ៏ធំបំផុតរបស់ពិភពលោកក្នុងរយៈពេលមួយថ្ងៃ។
ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅទីក្រុងហ្សាការតាកាលពីថ្ងៃទី 19 ខែកុម្ភៈ លោក Hasyim Asy’ari ប្រធានអាជ្ញាធររៀបចំការបោះឆ្នោតជាតិឥណ្ឌូនេស៊ីបានប្រកាសថា រវាងថ្ងៃទី 14 និង 18 ខែកុម្ភៈ មន្ត្រីបោះឆ្នោតចំនួន 71 នាក់បានស្លាប់ និង 4,000 នាក់ផ្សេងទៀតមានបញ្ហាសុខភាពដោយសារតែអស់កម្លាំងពីការបម្រើការ នៅក្នុងការបោះឆ្នោតថ្ងៃទី ១៤ ខែកុម្ភៈ។
ស្ថានភាពនៃបុគ្គលិកបោះឆ្នោតដែលហត់នឿយនេះនៅតែកើតមានឡើង ទោះបីជារដ្ឋាភិបាលឥណ្ឌូនេស៊ីធ្លាប់បានដឹងពីព្រឹត្តិការណ៍បោះឆ្នោតឆ្នាំ 2019 ដែលបុគ្គលិកបោះឆ្នោតចំនួន 500 នាក់បានស្លាប់ដោយសារភាពអស់កម្លាំងក៏ដោយ។
អាស្រ័យហេតុនេះ រដ្ឋាភិបាលទីក្រុងហ្សាការតាមានកំណត់អាយុ និងតម្រូវឱ្យពិនិត្យសុខភាពសម្រាប់អ្នកស្ម័គ្រចិត្តដែលចូលរួមក្នុងការបោះឆ្នោត។
នៅក្នុងការបោះឆ្នោតឆ្នាំនេះ មនុស្សប្រហែល 5 លាននាក់ត្រូវបានជួលឱ្យបម្រើការនៅការិយាល័យបោះឆ្នោតចំនួន 800,000 នៅទូទាំងប្រទេសនៅក្នុងការបោះឆ្នោតមួយដែលមានរយៈពេលប្រហែល 6 ម៉ោងកាលពីសប្តាហ៍មុន។
ដំណើរការបោះឆ្នោតតែមួយថ្ងៃរបស់ប្រទេសឥណ្ឌូណេស៊ីទាមទារការងារពេញម៉ោងដើម្បីចែកចាយ រាប់ និងរាយការណ៍សន្លឹកឆ្នោតរាប់រយសន្លឹក ហើយអាចមានរយៈពេលលើសពី 12 ម៉ោងបន្ទាប់ពីការិយាល័យបោះឆ្នោតបិទ។
រហូតមកដល់ចំណុចនេះ ដោយផ្អែកលើលទ្ធផលនៃការរាប់សន្លឹកឆ្នោតបឋម រដ្ឋមន្ត្រីក្រសួងការពារជាតិ Prabowo Subianto បានប្រកាសជ័យជម្នះក្នុងការប្រជែងតំណែងប្រធានាធិបតី។ លទ្ធផលផ្លូវការនឹងប្រកាសនៅថ្ងៃទី ២០ ខែមីនា៕ ដោយ៖ ធីរីណា

រូប​ថត​៖ Al Jazeera


ចែករំលែក៖