ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងមហាផ្ទៃសហការជាមួយក្រសួងការពារជាតិ និងក្រសួងមុខងារសាធារណៈ រៀបចំបញ្ជីឈ្មោះរបស់មន្ត្រីដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌដោយសារការប្រើប្រាស់ និងពាក់ព័ន្ធគ្រឿងញៀន ដើម្បីជៀសវាងចូលក្របខណ្ឌក្នុងក្រសួងថ្មីមួយទៀត

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងមហាផ្ទៃសហការជាមួយក្រសួងការពារជាតិ និងក្រសួងមុខងារសាធារណៈ រៀបចំបញ្ជីឈ្មោះរបស់មន្ត្រីដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌដោយសារការប្រើប្រាស់ និងពាក់ព័ន្ធគ្រឿងញៀន ដើម្បីជៀសវាងចូលក្របខណ្ឌក្នុងក្រសួងថ្មីមួយទៀត។

ថ្លែងក្នុងពិធីបិទសន្និបាតរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី បានលើកឡើងថា ៖ គោលការណ៍ទៅមុខទៀតនេះ ណែនាំឱ្យក្រសួងយុត្តិធម៌រៀបចំក្របវិធានការច្បាប់ គោលការណ៍សន្តិសុខជាតិ និងសង្គម គោលការណ៍សិទ្ធិបុគ្គល និងគោលការណ៍ផលប្រយោជន៍សហគមន៍ ចំពោះមន្រ្តីដែលពាក់ព័ន្ធគ្រឿងញៀន។

សម្តេចធិបតីថ្លែងថា៖«យើងមិនមែនផ្តាច់ជីវិតគាត់ទេ មិនមែនផ្តល់ឪកាសទី២ទេ ប៉ុន្តែត្រូវមានលក្ខខណ្ឌបែបណា បើមិនអ៊ីចឹងទេ អត់សូវខ្លាច អាហ្នឹងផុត(ចេញពីក្របខណ្ឌ)ទៅធ្វើអ្វីផ្សេងទៀត អ៊ីចឹងបើគាត់ប្រព្រឹត្តគ្រឿងញៀននៅកន្លែងហ្នឹង ស្រាប់តែមានបញ្ហាចេញពីកន្លែងនេះ ស្រាប់តែចេញបានប៉ុន្មានឆ្នាំគាត់ចូលក្របខណ្ឌនៅកន្លែងនោះ គាត់លក់ដដែល»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បាន បញ្ជាក់ថា ៖ សកម្មភាពនៃការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា កំពុងតែរីករាលពីទីក្រុងទៅជនបទ ហើយអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនមានការកើនឡើងគួរឱ្យព្រួយបារម្ភ ដូច្នេះទាមទារឲ្យគ្រប់ភាគីទាំង អស់ទាំងវិស័យឯកជន និងរដ្ឋត្រូវចូលរួមទប់ស្កាត់ឲ្យបានម៉ឹងម៉ាត់បំផុត ដោយសារបញ្ហានេះគឺជាបញ្ហារួមដ៏ធំមួយ ដែលបានកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះនៅកម្ពុជា ក៏ដូចជាពិភពលោក។

នៅក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរដែលមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវរួមគ្នាឲ្យសកម្មបន្ថែមទៀតក្នុងការទប់ស្កាត់ការជួញដូរគ្រឿងញៀន ដែលឆ្លងកាត់តាមព្រំដែន តាមផ្លូវគោក តាមផ្លូវការអាកាស តាមផ្លូវទឹក និងតាមបញ្ញើប្រៃសណីយ៍ រួមទាំងពីតំបន់ត្រីកោណមាសជាដើម ៕

ដោយ ៖ សិលា


ចែករំលែក៖