ភ្នំពេញ៖ យោងតាមរយៈតេឡេក្រាមផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានថ្លែងថា រយៈពេលជិត២ខែមកនេះ កម្ពុជាទទួលបានទេសចរ ចំនួន ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន ១០លើក រួមមាន៖
– SEABOURN ENCORE ចំនួន ៤លើក
– WESTERDAM
– RIVIERA
– AIDA BELLA
– SEVEN SEAS EXPLORER
– CRYSTAL SYMPHONY
– LE JAQQUES CARTER
ជាមួយគ្នានេះ សម្ដេចធិបតី អរគុណដល់សុខសន្តិភាពរបស់កម្ពុជា ដែលផ្ដល់នូវបរិស្ថាន និងអារម្មណ៍សុវត្ថិភាពដល់អ្នកទេសចរ អាចធ្វើការកម្សាន្តលំហែ និងសិក្សាអំពីកម្ពុជា ប្រកបដោយអនុស្សាវរីយ៍ល្អៗ មិនអាចបំភ្លេចបាន ពិសេស តាមរយៈបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា ព្រមទាំងរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធ ដែលបន្តទាក់ទាញអ្នកទេសចរអន្តរជាតិជាបន្តបន្ទាប់ តាមរយៈសក្តានុពលសម្បូរបែបឥតគណនារបស់កម្ពុជា និយាយជារួម និងខេត្តព្រះសីហនុ និយាយដាច់ដោយឡែក ។
តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ នឹងអាចទាក់ទាញវិនិយោគិន និងអ្នកទេសចរ កាន់តែច្រើនថែមទៀត ដោយរដ្ឋាភិបាល បន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាច្រករបៀងសេដ្ឋកិច្ច និងទេសចរណ៍ ដែលជាតំបន់យុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា៕
ដោយ៖ តារា