ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ថាកូរ៉េខាងជើង បញ្ជូនអាវុធ ៦៧០០កុងតឺន័រ ទៅឱ្យរុស្ស៉ី ចាប់ពីខែកក្កដាឆ្នាំ២០២៣ ដល់ពេលនេះ

ចែករំលែក៖

សារព័ត៌មាន Reuters បានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ទី២៧ ខែកុម្ភៈបានរាយការណ៍ថាកូរ៉េខាងជើងបានដឹកជញ្ជូនអាវុធ ៦៧០០កុងតឺន័រ ទៅឱ្យរុស្ស៉ី ចាប់តាំងពីខែកក្កដា ឆ្នាំមុនមក ដើម្បីយកទៅប្រើប្រាស់ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik ដែលបានលើកឡើងក្នុងសន្នីសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា កុងតឺន័រខាងលើអាចមានផ្ទុកគ្រាប់កាំភ្លើងធំ១៥២ មីលីម៉ែត្រ ច្រើនជាង ៣លានគ្រាប់ ឬគ្រាប់កាំភ្លើងធំ ១២២មីលីម៉ែត្រ ៥០០ ០០០គ្រាប់។ លោក Shin បន្ថែមទៀតថាវាអាចទៅរួចដែរថាកុងតឺន័រទាំងនោះ អាចមានផ្ទុកគ្រាប់កាំភ្លើងធំទាំង២ប្រភេទនេះតែម្ដង ក្នុងចំនួនរាប់លានគ្រាប់។
ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ពីការជួញដូរអាវុធ ហើយបានថ្កោលទោស កូរ៉េខាងជើងសម្រាប់ការផ្គត់ផ្គង់អាវុធទៅឱ្យរុស្ស៉ី ដើម្បីប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រសួងការបរទេសអាមេរិក ក៏បានឱ្យដឹងដែរថាកូរ៉េខាងជើងបានប្រគល់អាវុធ ឬបរិក្ខារយោធាជាង ១០,០០០កុងតឺន័រទៅឱ្យរុស្ស៉ី ចាប់តាំងពីខែកញ្ញាឆ្នាំមុនមក ខណៈជាថ្នូរមកវិញ កូរ៉េខាងជើងទទួលបានសម្ភារៈ ៩០០០កុងតឺន័រ ក្នុងនោះភាគច្រើនជាស្បៀងអាហារពីរុស្ស៉ី។ ប៉ុន្តែ ទាំងរុស្ស៉ី និងកូរ៉េខាងជើងបានច្រានចោល ការចោទប្រកាន់របស់អាមេរិក និងកូរ៉េខាងត្បូង៕

ដោយ៖ ធីរីណា(រូប​ថត​៖ TTXVN)


ចែករំលែក៖