ភ្នំពេញ ៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤
– សូមក្រាបបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់
– សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត
នៅក្នុងឱកាសអបអរសាទរនៃទិវាវប្បធម៌ជាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ទូលព្រះបង្គំ ជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា អបអរសាទរយ៉ាង ជ្រាលជ្រៅ រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ ទាំងអស់ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ។
ទិវាវប្បធម៌ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធឡើងដើម្បីរំលឹកដល់គុណូបការៈ ចំពោះបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាញាណ និងអាយុ ជីវិត ក្នុងការបង្កើតសម្បត្តិវប្បធម៌ដ៏សម្បូរបែបដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងបានថែរក្សា ការពារទុកឱ្យកូនចៅជំនាន់ក្រោយ។ ទន្ទឹមនឹងនេះដែរ ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់ ក្នុងការបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ជាតិ ទំនៀមទម្លាប់ ប្រពៃណី និងមនសិការស្នេហា ជាតិ ចូលរួមលើកស្ទួយតម្លៃមរតកវប្បធម៌ជាតិ និងថែរក្សា ការពារអត្តសញ្ញាណជាតិ មាតុភូមិ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត ។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរ បវរសួស្តី ថ្វាយ-ប្រគេន សូមសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជូនសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ព្រះមេត្តាទទួលនូវវត្តប្រណិប័តន៍ដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅ បំផុត អំពីទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ ៕
ដោយ ៖ សិលា