ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនសង្ស័យជនជាតិវៀតណាមម្នាក់ទៅតុលាការករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ទៅតុលាការករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត ។

យោងតាមនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី៣ខែមីនាឆ្នាំ២០២៤នេះថា ជនសង្ស័យមានឈ្មោះផាង វុឹងង៉ាង  អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅអគារជួលក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

សមត្ថកិច្ចបញ្ជាក់ទៀតថា អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោក ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោក កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈីវ អុិចគង់ ព្រះរាជអាជ្ញាស្តីទីនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចអគារជួលរបស់ក្រុមហ៊ុន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនិងចាប់យកវត្ថុតាងជាសម្ភាររួមមាន៖

ម្សៅក្រាមពណ៌សថ្លាជាថ្នាំញៀនប្រភទកេតាមីនចំនួន១០ កញ្ចប់ទម្ងន់៦២០,៣៥ក្រាម, ថ្នាំញៀនប្រភេទMDMAទម្ងន់៧០៩,០៧ក្រាម,

ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន២១៥ គ្រាប់,

ថ្នាំញៀនកញ្ចប់រូបនាគចំនួន២៦កញ្ចប់,

ថ្នាំញៀនកញ្ចប់ពណ៌មាសចំនួន២៦ កញ្ចប់, ជញ្ជីងថ្លឹងថ្នាំ០២គ្រឿង, ទូរស័ព្ទដៃ ០២ គ្រឿង, រថយន្ត ០១ គ្រឿងព្រមទាំងឧបករណ៍ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕

ដោយ៖ សុថាន

 


ចែករំលែក៖