ប្រទេសអូស្រ្តាលី ៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ បន្ថែមលើយុទ្ធសាស្រ្តអាទិភាពដែលបានដាក់ចេញតាមផ្នែកនីមួយៗនៃបញ្ចកោណ ក្នុងនីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ដែលត្រូវចាប់ផ្តើមអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣។
កម្មវិធីគោលនយោបាយអាទិភាពចំនួន៦នោះរួមមាន ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបកស្រាយពន្យល់ដល់បងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលីនិងនូវ៉ែលសេឡង់នោះ រួមមាន៖
ទី១-ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល ។
ទី២-ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ។
ទី៣-ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន ។
ទី៤-ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ។
ទី៥-ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ ។
និងទី៦-ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស។
សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន បានប្រឹងប្រែងខ្លាំងណាស់ ទាំងកិច្ចការពារអាយុជីវិត ប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាជីវភាព របស់ប្រជាពលរដ្ឋ ដោយចំណាយថវិកាប្រមាណជាង១,៣០០លានដុល្លារអាមេរិក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «តាំងពីឆ្នាំ២០២០ មកដល់ឥលូវនេះ ប្រជាពលរដ្ឋ៧០ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ដោយកូវីដ-១៩ រដ្ឋបានចំណាយជាង១,៣០០លានដុល្លារ ដើម្បីជួយផ្ដល់សាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋប្រចាំខែ និងការជួយផ្សេងៗទៀត»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការគាំទ្រដល់លើសលប់ របស់ប្រជាពលរដ្ឋ មកកាន់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោត នៅឆ្នាំ២០២៣ កន្លងទៅនេះ មកកាន់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ដោយសារការអនុវត្ដចាត់វិធានការ ជាក់ស្ដែងប្រសិទ្ធភាព ជួយជីវិតប្រជាជនធំបំផុត គឺជួយពីកូវីដ-១៩ និងជួយឲ្យរីកចម្រើននៅក្នុងប្រទេស ៕
ដោយ ៖ សិលា