ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ រូបភាពផ្លូវជាតិលេខ៤ ក្រុងកំពង់ស្ពឺ បន្ទាប់ពីលើកកម្រិតរួចរាល់ក្រោមគម្រោងធនាគារពិភពលោក

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពីរូបភាពផ្លូវជាតិលេខ៤ ក្រុងកំពង់ស្ពឺ បន្ទាប់ពីលើកកម្រិតរួចរាល់ក្រោមគម្រោងធនាគារពិភពលោក។

អ្នកនាំពាក្យ​រូបនេះ​ បានឱ្យដឹងទៀតថា​ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងថែទាំផ្លូវនេះឱ្យស្ថិតនៅក្នុងស្ថាភាពបែបនេះ រហូតដល់ ខែធ្នូ ឆ្នាំ២០២៦។

បន្ថែម​ពីនេះ​ លោកអ្នកនាំពាក្យ​ ក៏សូមការអធ្យាស្រយ័ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤ សូមមេត្តាកុំបើកបរលឿនពេក និងសូមមានការប្រុងប្រយត្ន័ខ្ពស់ ព្រោះផ្លូវនេះស្ថិតក្នុងដំណាក់កាលកំពុងអនុវត្តការងារសាងសង់ ដោយមានកំណាត់ខ្លះរួចរាល់ និងកំណាត់ខ្លះទៀតមិនទាន់រួចរាល់នៅឡើយ។ 

ជាមួយគ្នានេះ​ កាលពីព្រឹកមិញនេះ​ លោក​ ផន​ រឹម​ ក៏បានលើកឡើងថា​ យានយន្តសរុប ១០១ ៤៧៣ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។ 

យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ រហូតដល់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ មានយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ១០១ ៤៧៣ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១២៨ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ករណី ស្វែងរកជំនួយចំនួន ៦៦ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៦១ករណី)។

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។​ សូមបើកបរដោយសុវត្ថិភាព!។

ដោយ​៖ តារា​


ចែករំលែក៖