ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត អ៊ាង សុផល្លែត សម្ពោធឆ្លងឧបដ្ឋានសាលានិងសមិទ្ធផលនានាក្នុងវត្តធម្មរង្សីទួលអូដ្ឋ​ នៃស្រុកអូររាំងឪ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តធម្មរង្សីទួលអូដ្ឋ ហៅវត្តអូដ្ឋ ភូមិមិត្តារ៉ាច ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរព្រះគុណនិងអរគុណ ព្រមទាំងបានកោតសរសើរយ៉ាងជ្រាលជ្រៅប្រគេនចៅអធិការវត្តធម្មរង្សីហៅវត្តទួលអូដ្ឋ លោកអាចារ្យ គណៈកម្មការ និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានខិតខំនិងចូលរួមកសាងសមិទ្ធផលទាំងនេះឡើង និងសូមឱ្យកុសលដែលកើតពីសទ្ធានៃការចូលរួមរបស់សប្បុរសជនទាំងឡាយបាននាំមក នូវសេចក្ដីសុខនិងសេចក្ដីចម្រើនគ្រប់កាលនិងគ្រប់វេលា។ 

លោកបានថ្លែងថា ការរីកចម្រើននៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋក្រោមម្លប់នៃសុខសន្តិភាព គឺជាសក្ខីកម្មដ៏អស្ចារ្យនិងជាមោទនភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំទាំងមូល។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ការបង្កើតសមិទ្ធផលនានាក្នុងវត្តធម្មរង្សី ហៅវត្តទួលអូដ្ឋ និងក្នុងមូលដ្ឋានឃុំអំពិលតាពក គឺជាកេរដំណែលសាសនាដ៏មានតម្លៃ ផ្សារភ្ជាប់នឹងព្រលឹងជាតិនៃបុព្វបុរសយើងតាំងពីបុរាណកាល ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងដើម្បីងាយស្រួលដល់ពុទ្ធបរិស័ទក្នុងការបំពេញកុសលផ្សេងៗ តាមទំនៀមទម្លាប់ប្រពៃណីសាសនាផងដែរ។ 

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ពិធីសម្ពោធឆ្លងឧបដ្ឋានសាលានិងសមិទ្ធផលនានាក្នុងវត្តធម្មរង្សីទួលអូដ្ឋ ជាសមិទ្ធផលចម្បងទី៥ហើយ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ គណបក្សប្រជាជនកម្ពុជាសម្រេចបានស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភាជាតិបាននិងកំពុងបន្ត និងពង្រឹងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ យ៉ាងសកម្ម និងពោរពេញដោយថាមពលក្រោមការដឹកនាំដ៏ឆ្នើមពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលលោកបានយកចិត្តទុកដាក់ជាសំខាន់ចំពោះសុខទុក្ខប្រជាជនកម្ពុជាគ្រប់រូប ក្នុងនោះសម្តេចបានដាក់ចេញនូវអាទិភាពគន្លឹះចំនួន ៥ ទី១មនុស្ស ទី២ផ្លូវ ទី៣ទឹក ទី៤ភ្លើង និងទី៥បច្ចេកវិទ្យា។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ជាមួយនឹងអាទិភាពគន្លឹះនេះក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារចុះមូលដ្ឋានឃុំ និងគណបក្សប្រជាជនកម្ពុជា សម្រេចបាននូវសមិទ្ធផលស្របតាមអាទិភាពគន្លឹះជាច្រើនតាមរយៈយុទ្ធនាការ ផ្លូវរលោងបានសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ និងអ្នកដំណើរនានា ជាពិសេសនៅមូលដ្ឋានឃុំអំពិលតាពក បានឈូសឆាយ កិន ពង្រាបផ្លូវបានសម្រេច១០០% លើផ្លូវក្នុងឃុំទាំងមូលចំនួន៦ខ្សែ មានប្រវែងសរុប ១៣,៧៥០ម៉ែត្រ ការកសាង ផ្លូវបេតុង អូររាំងឪ-ដំណាក់ព្រីង ប្រវែង ១១,៧៥០ម៉ែត្រ ផ្លូវបេតុង ភូមិព្រៃស្រឡៅ តភ្ជាប់ទៅភូមិមាសស្នេហ៍ ប្រវែង ៣,៧៥០ម៉ែត្រ និងផ្លូវបេតុងភូមិទួលតាលាប់ ប្រវែង៧៥០ម៉ែត្រ ដាក់លូជីកប្រឡាយ នៅភូមិស្វាយតាធម្ម ប្រវែង ១,៥០០ម៉ែត្រ រៀបឥដ្ឋ ដាក់លូថ្មីជូនសាលាបឋមសិក្សាអំពិលតាពក ១២កង់កាយប្រឡាយទឹកដាក់លូ នៅភូមិទំពាំងបង្កង់ ១២កង់ និងការដំឡើងអំពូលសូឡា តាមដងផ្លូវ និងទីប្រជុំជននានាក្នុងឃុំ ចំនួន១១៤ឈុត និងអំពូលហ្វា ចំនួន១៦ឈុត។ល។

លោកបណ្ឌិត បានថ្លែងបញ្ជាក់ថា លើសពីសមិទ្ធផលដែលសម្រេចបាន ក៏ឃើញពីភាពសុខដុមរមនាកម្មរបស់ប្រជាជនក្រោមដំបូលសន្តិភាព ដែលបានឆ្លុះបញ្ចាំងពីសាមគ្គីភាពប្រកបដោយជំនឿទុកចិត្តឥតងាករេពីគណបក្សប្រជាជនកម្ពុជា និងបានរួមគ្នាជ្រោងនិងបន្តការពារសុខសន្តិភាពជាង៤០ឆ្នាំមកនេះឱ្យនៅគង់វង្ស៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖