ខេត្តកំពង់ឆ្នាំង ៖ អ្នករៀបចំសណ្តាប់ធ្នាប់ និង អជ្ញាធរឃុំ និងស្រុក ត្រូវបានប្រជាពលរដ្ឋអ្នកធ្វើដំណើរទៅមកលើផ្លូវបេតុង ឆ្លងកាត់ផ្សារកំពុងប្រសាទធ្វើការរិះគន់ មិនបានយកចិត្តទុកដាក់ បណ្តែតបណ្តោយអោយផ្លូវមួយនេះមានការកកស្ទះរៀងរាល់ថ្ងៃ ដោយសារការលក់ដូររបស់ប្រជាពលរដ្ឋ និង អាជីវករ លក់គ្មានសណ្តាប់ធ្នាប់ ។
យោងតាមប្រភពពីប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ផ្សារកំពង់ប្រសាទបញ្ជាក់ថា ជារៀងរាល់ថ្ងៃ អាជ្ញាធរទាំងស្រុក និង ឃុំ មិនបានយកចិត្តទុកដាក់ មើលពីការលំបាកនៃការកកស្ទះចរាចរណ៍នៅទីនេះនោះទេ ដោយសារការលក់ដូររបស់ប្រជាពលរដ្ឋ បានលក់ហៀរ មកលើផ្លូវដែលរថយន្ត ម៉ូតូ កង់ និងអ្នកថ្មើរជើងបានដើរ បានធ្វើចរាចរណ៍ច្រើន នៅលើផ្លូវបេតុងនេះ ករណីនេះវាបានកើតយូរមកហើយ ប៉ុន្តែអាជ្ញាធរ ហាក់បីដូចមិនរវីរវល់នោះទេ ពិសេសអ្នករៀបចំសណ្តាប់ធ្នាប់ផ្សារនៅទីនោះតែម្តង ដឹងតែយកលុយភាស៊ីទេ តែការរៀបចំអោយមានសណ្តាប់ធ្នាប់នោះមិនខ្វល់នោះទេ ចង់អ្នកលក់ដាក់លក់ហៀរដល់កន្លែងណាក៏គាត់ធ្វើមិនដឹងដែរ ។
ប្រជាពលរដ្ឋអ្នកធ្វើដំណើរបានសំណូមពរ ដល់អាជ្ញាធរ និង អ្នករៀបចំផ្សារកំពង់ប្រសាទមេត្តា យកចិត្តទុកដាក់និងគិតគូផង ព្រោះពេលធ្វើដំណើរម្តងៗ ពិបាកធ្វើដំណើរណាស់ ណាមួយខ្លាចប៉ះអីវ៉ាន់របស់អ្នកលក់ដូរ ហើយស្ទះទៅមុខសឹងមិនរួចនោះទេ ។
ពាក់និងករណីនេះ លោក ហោ សារិទ្ធ មេឃុំសែប ស្រុកកំពង់ត្រឡាច បានប្រាប់នគរវត្ត កាលនៅព្រឹកថ្ងៃទី៥ ខែមីនានេះថា លោកទទួលស្គាល់ថា ពិតជាមានករណីនេះមែននៅផ្សារកំពង់ប្រសាទ ព្រោះថាតំបន់ផ្សារនេះគឺធ្វើដំណើរចេញចូលច្រើន ។ ប៉ុន្តែកន្លងមកខាងអាជ្ញាធរឃុំ ក៏បានណែនាំឱ្យក្រុម អាជីវករលក់ដូរត្រឹមមាត់លូតែប៉ុណ្ណោះ ប៉ុន្តែការលក់ជាក់ស្តែងរបស់ប្រជាពលរដ្ឋនិងអាជីវករ មិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរនោះទេ ហើយកន្លងមកក៏ធ្លាប់យកកម្លាំងប្រជាការពារទៅធ្វើសណ្តាប់ធ្នាប់ដែរ ។ ដែលពេលនេះឃុំបានដាក់សំណើរទៅស្រុកដែរដើម្បីសុំអនុវត្តវិធានការរឹតបន្តឹង ។
ពាក់ព័ន្ទនិងករណីនេះលោក ស្មាន ម៉ាត់ អ្នករៀបសណ្តាប់ធ្នាប់ចំផ្សារកំពង់ប្រសាទបញ្ជាក់ថា ពិតជាមានការកកស្ទះពិតមែន ដែលករណីនេះបានស្នើសុំទៅខាងលើហើយ ។
ប្រជាពលរដ្ឋកំពុងរង់ចាំមើលថា ចាំមើលអាជ្ញាធរ ឃុំ ស្រុក និង លោកស្មាន ម៉ាត់ ដែលជាអ្នកម៉ៅភាស៊ីផ្សារ អាចរៀបចំយ៉ាងដូចម្តេចបាន ។ ប្រសិនបើរៀបចំមិនបានទេ សូមម្ចាស់ភាស៊ីដកខ្លួនថយ ទុកអោយគេធ្វើវិញម្តង ៕
ដោយ៖ ចន្ថា