ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ស្នើឱ្យអាជ្ញាធរខណ្ឌ ចុះសម្រួលចរាចរណ៍ នៅមុខសាលារៀន កន្លែងអាជីវកម្មផ្សេងៗ ខណៈអាណាព្យាបាល មកទទួលកូន ឬសេវាផ្សេងៗ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវ ចុះសម្រួលចរាចរណ៍ នៅ មុខសាលារៀន កន្លែងអាជីវកម្មផ្សេងៗ ខណៈអាណាព្យាបាល មកទទួលកូន ឬសេវាផ្សេងៗ បណ្តាលឱ្យមានការកកស្ទះចរាច រណ៍ រាល់ថ្ងៃ ។

     លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញ ។ 

    លោក ឃួង ស្រេង បានអរគុណចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធដែលបានលះបង់អស់កម្លាំងកាយចិត្តក្នុងការបំរើភាពសុខ សាន្តជូនប្រជាពលរដ្ឋ រហូតទទួលបាននូវការគោរពស្រលាញ់និងការជឿទុកចិត្តមកលើរាជរដ្ឋាភិបាលរបស់យើងរហូតមក ដល់ពេលនេះ។

      លោកឃួង ស្រេង បានបញ្ជាក់ថា៖ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីពិនិត្យលើការងាររបស់យើងឡើងវិញ ថាតើនៅខ្វះខាត ចន្លោះ ប្រហោងអ្វីខ្លះ ដើម្បីយើងយកមកបំពេញបន្ថែម សំដៅធ្វើយ៉ាងណាបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែ ល្អប្រសើរទាំងការរក្សាសន្តិសុខ សុវត្ថិភាពនិងការផ្តល់សេវាសាធារណៈជូនពួកគាត់ជាដើម។ ការដោះស្រាយចរាចរណ៍ជារឿងមួយដែលយើងបានដោះស្រាយ ចោរឆក់ត្រូវបានទប់ស្កាត់និងកាត់បន្ថយបានច្រើន តែយើងក៏នៅមានចំណុចចន្លោះប្រហោងខ្លះដែរ ដែលយើងរួមគ្នាដើម្បីអោយបានប្រសើរឡើង ដូចជាការទប់ស្កាត់បង្ក្រាបក្មេងទំនើង ការបង្ក្រាបគ្រឿងញៀននិងល្បែងស៊ីសងជាដើម។

    លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា៖ នៅរាជធានីភ្នំពេញមានមណ្ឌលកំសាន្តចំនួន៣៦៣ទីតាំងអាជីវកម្ម ដែលមាន ការ៉ាអូខេចំនួន២៧២ទីតាំង ក្លឹបចំនួន៤៦ទីតាំងនិងប៊ៀហ្គាឌិនចំនួន៤៥ទីតាំង។ 

    ចំពោះទីតាំងអាជីវកម្មខាងលើនេះ លោកឃួង ស្រេង បានជំរុញឱ្យមានផែនការទប់ស្កាត់បញ្ហាគ្រឿងញៀន ពិសេសអាជ្ញាធរខណ្ឌទាំង១៤ត្រូវចុះពិនិត្យមើលទីតាំងដែល មានហានិភ័យ ចំពោះគ្រឿង ញៀននេះ ដើម្បីមានវិធានការលើការបង្ក្រាប លុបបំបាត់គ្រឿងញៀនឱ្យបាន។បញ្ហាគ្រឿង ញៀនត្រូវតែមានវិធានការលុបបំបាត់ មិនថាទីតាំងអាជីវកម្មខាងលើ នៅតាមសាលា រៀននិងទីតាំងផ្សេងៗទៀតឡើយ គឺត្រូវរួមគ្នាដើម្បីលុបបំបាត់។ កាំមេរ៉ាសុវត្ថិភាព បានជួយលើការងារយើងសព្វបែបយ៉ាង ទាំងការងារសន្តិសុខ សុវត្ថិភាពនិងការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋជាដើម។ ត្រូវបន្តទប់ស្កាត់ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាមួយនិងការបំផុស ផ្សព្វផ្សាយប្រជាពលរដ្ឋអោយបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ ដោយសារតែ រដូវនេះជារដូវក្តៅ ងាយរងគ្រោះដោយអគ្គីភ័យបើយើងមិនមានការប្រុងប្រយ័ត្នខ្ពស់។ នៅពេលគោរពទង់ជាតិ នៅតាមសាលារៀនដែលធ្វើឡើង១សប្ដាហ៍២ដង អាជ្ញាធរខណ្ឌទាំង១៤ ត្រូវផ្សព្វផ្សាយ ពីផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស ដើម្បីឱ្យពួកគាត់ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ឆ្លើយថាទេចំពោះគ្រឿងញៀន និងដើរឱ្យឆ្ងាយពីក្រុមបងតូច បងធំជាដើម។

      លោក ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បន្តសហការជាមួយកងពលតូចលេខ៧០ ក្នុងចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ សំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។

     លោក ឃួង ស្រេង ស្នើឱ្យអាជ្ញាធរខណ្ឌ ចុះមើលទីតាំង នៅមុខ សាលារៀន ភោជនីដ្ឋាន ឬកន្លែងអាជីវកម្មផ្សេងៗទៀត ខណៈអាណាព្យាបាល មកយកកូន ឬមកទទួលសេវាផ្សេងៗ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍ ត្រូវចុះដោះស្រាយភ្លាមៗ កុំអោយកកស្ទះចរាចរណ៍៕ 

ដោយ ៖ សំរិត


ចែករំលែក៖