ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ៖​ ហាមយកយានយន្តពាក់ផ្លាកលេខ”នគរបាល “ចូលទៅក្នុងទីតាំងកាស៊ីណូ ,ក្លឹបកំសាន្ត, ខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងទៀត

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងមហាផ្ទៃ​ សេចក្តីណែនាំស្តីពីការគ្រប់គ្រង និងប្រើប្រាស់យានយន្តនគរបាលជាតិ ហាមយកយានយន្តពាក់ផ្លាកលេខ នគរបាល ចូលទៅក្នុងទីតាំងកាស៊ីណូ ក្លឹបកំសាន្ត ទីតាំង ខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងទៀត។

ជាក់ស្ដែង​នៅក្នុងសេចក្តីណែនាំរបស់​ក្រសួងមហាផ្ទៃ​ ដែលអង្គភាព​យេីងទេីបទទួលបាននៅថ្ងៃទី០៦​ ខែមីនា​ ឆ្នាំ​២០២៤នេះ បានបញ្ជាក់ថា​ ក្រសួងមហាផ្ទៃ​ បានដាក់ចេញលិខិតបទដ្ឋានគតិយុត្តណែនាំជាបន្តបន្ទាប់ ជាពិសេសប្រកាសលេខ ៣៥៥៩ ប្រក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការចុះបញ្ជី ការចេញបណ្ណសម្គាល់ និងផ្លាកលេខយាន យន្តគ្រប់គ្រងដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ការប្រើប្រាស់យាន យន្តគ្រប់ប្រភេទដែលបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ។

ប៉ុន្តែថ្មីៗនេះ សង្កេតឃើញមានបុគ្គលមួយចំនួនតូចបានប្រើប្រាស់ដោយខុសលក្ខណការណ៍កំណត់ នូវយានយន្តនគរបាលជាតិគ្រប់ប្រភេទ ឬយកចូលទៅកាន់ទីតាំងមិនសមស្រប ដែលនាំឱ្យប៉ះពាល់ដល់ កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ និងកិត្តិយសក្រសួងមហាផ្ទៃ ។

ដើម្បីបំបាត់នូវរាល់បាតុភាពខុសឆ្គងទាំងនេះ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់អគ្គស្នងការដ្ឋាន នគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃព្រមទាំង ស្នងការដ្ឋានរាជធានី ខេត្ត ដូចខាងក្រោម៖

១. ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពតាមប្រកាសលេខ ៣៥៥៩ ប្រក ចុះថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះបញ្ជី ការចេញបណ្ណសម្គាល់ និងផ្លាកលេខយានយន្ត គ្រប់គ្រងដោយក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋាននានា ដែលពាក់ព័ន្ធដល់ការគ្រប់គ្រង និងប្រើប្រាស់យាន យន្តនគរបាលជាតិ។

២. ត្រូវធ្វើការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពជាប្រចាំនូវយានយន្តប្រើផ្លាកលេខនគរបាលជាតិក្នុង អង្គភាព។ ក្នុងករណ៏មានការបញ្ឈប់ប្រើប្រាស់យានយន្តណាមួយត្រូវរាយការណ៍ និងប្រគល់ផ្លាកលេខ និងបណ្ណសម្គាល់ ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ (នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់ សាធារណៈ) ដើម្បីលុបចេញពីបញ្ជីជាបន្ទាន់ ។

៣. ហាមឃាត់រាល់សកម្មភាពប្រើប្រាស់យានយន្តនគរបាលជាតិ ដូចខាងក្រោម៖

– យកផ្លាកលេខពីយានយន្តដែលបានចុះបញ្ជីត្រឹមត្រូវ ទៅបំពាក់យានយន្តផ្សេងទៀត 

– យកយានយន្តដែលពាក់ផ្លាកលេខនគរបាលជាតិទៅប្រើប្រាស់ ដើម្បីយកទៅប្រកបអាជីវកម្ម ផ្សេងៗមានលក្ខណៈជាឯកជន មិនមែនសម្រាប់បម្រើផលប្រយោជន៍ក្រសួង ឬរដ្ឋ

– យកយានយន្តនគរបាលជាតិទៅឱ្យបុគ្គលផ្សេងទៀតប្រើប្រាស់

– យកយានយន្តពាក់ផ្លាកលេខនគរបាលជាតិចូលទៅក្នុងទីតាំងកាស៊ីណូ ក្លឹបកំសាន្ត ទីតាំង ខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងទៀត

– យកយានយន្តពាក់ផ្លាកលេខនគរបាលជាតិទៅប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ

– ប្រើប្រាស់យានយន្តនគរបាលជាតិដែលហួសសុពលភាព នៃកាលកំណត់ក្នុងបណ្ណសម្គាល់ យានយន្ត។

៤.​ អគ្គស្នងការដ្ឋាននគរបាលជាតិត្រូវធ្វើការត្រួតពិនិត្យជាប្រចាំនៅតាមដងផ្លូវ តាមទីតាំងកាស៊ីណូ ក្លឹបកំសាន្ត ទីតាំងខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងទៀត និងចាត់វិធានការម៉ឺងម៉ាត់ចំពោះករណីខុស ឆ្គងក្នុងការប្រើប្រាស់យានយន្តនគរបាលជាតិ ព្រមទាំងបូកសរុបរាយការណ៍ប្រចាំត្រីមាស និងរាយការណ៍ ក្នុងករណីចាំបាច់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីស្នើសុំគោលការណ៍ដឹកនាំ។

ទទួលបានសេចក្តីណែនាំនេះ អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋាន ប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និង ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ​៖ តារា​


ចែករំលែក៖