ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះ ខណៈកម្លាំងសមត្ថកិច្ចជំនាញ រកឃើញយានយន្តល្មើសចំនួន ៣១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
របាយការណ៍ដដែល បានគូសបញ្ជាក់ថា ចំនួនគោលដៅសរុប ១១៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣២១គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ៧២គ្រឿង និងម៉ូតូ ២៣៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣១០គ្រឿង រថយន្តធំ ១០គ្រឿង រថយន្តតូច ៧២គ្រឿង និងម៉ូតូចំនួន ២២៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានបង្ហាញលទ្ធផលរយៈពេល ០៨ថ្ងៃ ពីថ្ងៃទី០១-០៨ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៤,៣៣០គ្រឿង រថយន្តធំ ១៤៩គ្រឿង រថយន្តតូច ១,១៧៥គ្រឿង ម៉ូតូ ៣,០០៦គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៣៥៧គ្រឿង, រថយន្តធំ ៥៣គ្រឿង, រថយន្តតូច ៧១៦គ្រឿង និងម៉ូតូ ២,៥៨៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
នាយកដ្ឋាននគរបាលចរាចរណ៍ បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ តារា