ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ចាត់ឱ្យ​មន្រ្តី​ជំនាញ​ចុះពិនិត្យស្ថានភាពមណ្ឌលសុខភាពចំនួន០៧ ដែលស្ថិតនៅក្នុងមូលដ្ឋានខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង៖ ក្រសួង​សុខាភិបាល​កម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពីលោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដឹកនាំដោយ លោកឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយលោក​ ពាស់ ម៉ូស្លីម អនុរដ្ឋលេខាធិការ និងលោកវេជ្ជបណ្ឌិត ឃូ អ៊ាងអ៊ូ អនុប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល បានចុះទៅពិនិត្យស្ថានភាពមណ្ឌលសុខភាពចំនួន០៧ ដែលស្ថិតនៅក្នុងការិយាល័យស្រុកប្រតិបត្តិ ស្មាច់មានជ័យ និងមណ្ឌលសុខភាពនៅក្នុងការិយាល័យស្រុកប្រតិបត្តិស្រែអំបិល នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង។ 

ការចុះត្រួតពិនិត្យនេះ គឺធ្វើឡើងដើម្បីជួយគាំទ្រជម្រុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ បេសកកម្មនេះក្រុមការងារក៏បានជួបប្រជុំ ពិភាក្សាជាមួយថ្នាក់ដឹកនាំការិយាល័យស្រុកទាំង២ និងមន្រ្តីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង។

ការចុះត្រួតពិនិត្យការងារនេះជារួមគឺសង្កត់ធ្ងន់លើ៧ចំនុច៖

១- ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព

២- ធនធានមនុស្សវិស័យសុខាភិបាលដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស

៣- ការគ្រប់គ្រង ការចែកចាយឪសថ និងវ៉ាក់សាំង រួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ 

៤- លទ្ធភាពគ្រប់គ្រងក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ

៥- ការបំពេញការងារប្រចាំការ និងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍

៦- ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង និង

៧- ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ។

ជាចុងក្រោយ លោកឱសថបណ្ឌិត ហេង ប៊ុនគៀត ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលអ្នកជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ផងដែរ ការចុះត្រួតពិនិត្យការងារនេះបានទៅដល់ មណ្ឌលសុខភាពប៉ាក់ខ្លង មណ្ឌលសុខភាពនាងកុក មណ្ឌលសុខភាពត្រពាំងរូង មណ្ឌលសុខភាពបឹងព្រាវ មណ្ឌលសុខភាពស្រែអំបិល មណ្ឌលសុខភាពអណ្តូងទឹក និងមណ្ឌលសុខភាពជីផាត ដែលថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល បាននឹងកំពុងចុះធើ្វកិច្ចអភិបាលជាប់ជាប្រចាំដើម្បីបងើ្កនប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺជូនប្រជាពលរដ្ឋដល់មូលដ្ឋានជិតផ្ទះគាត់ឱ្យកាន់តែប្រសើរឡើង ប្រកបដោយភាពកក់ក្ដៅស្របតាមគោលនយោបាយអាទិភាពលើវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកសេវាថែទាំសុខភាពគ្រប់ជ្រុងជ្រោយមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដែលផ្តោតលើការថែទាំសុខភាពបឋម សំដៅការពារ និងលើកកម្ពស់សុខភាព បង្ការ និងគ្រប់គ្រងជំងឺ ឬបញ្ហាសុខភាពពាក់ព័ន្ធសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល៕

ដោយ​៖ តារា​


ចែករំលែក៖