កីឡាការិនី Liz Carmouche បានកោរសក់ក្បាលរបស់នាង ដើម្បីថ្លឹងទម្ងន់ឱ្យជាប់ជាស្ថាពរ សម្រាប់ដណ្តើមពានរង្វាន់ជើងឯកពិភពលោក នៅក្នុងទីក្រុង Chicago កាលពីថ្ងៃសុក្រ។
កីឡាការិនីជើងចាស់នៃកីឡាប្រយុទ្ធចម្រុះ (MMA) រូបនេះ ដែលធ្លាប់បានប្រកួតនៅក្នុងស្ថាប័ន UFC និង Bellator ត្រូវជួបប្រកួតជាមួយកីឡាការិនី Jena Bishop នៅក្នុងគូប្រកួតពិសេសប្រចាំព្រឹត្តិការណ៍ (Main event) ដើម្បីដណ្តើមពានរង្វាន់ជើងឯកពិភពលោក PFL ក្នុងប្រភេទទម្ងន់ Flyweight។
Bishop បានថ្លឹងទម្ងន់ឃើញតិចជាងទម្ងន់កំណត់ ១២៥ ផោនបន្តិច ប៉ុន្តែកីឡាការិនី Carmouche វ័យ ៤២ ឆ្នាំ ត្រូវការកាត់សក់យ៉ាងប្រញាប់ប្រញាល់ មុនពេលនាងឡើងលើជញ្ជីងថ្លឹងទម្ងន់។
ក្រុមកការងាររបស់កីឡាការិនីសញ្ជាតិអាមេរិករូបនេះ បានប្រើប្រាស់ប្រដាប់កោរសក់អគ្គិសនីដើម្បីកោរសក់ក្បាលរបស់នាង និងធានាថានាងថ្លឹងទម្ងន់គ្រប់គីឡូតាមការកំណត់។
ទោះបីជាមានការប្រញាប់ប្រញាល់នៅនាទីចុងក្រោយក៏ដោយ ក៏ Carmouche នៅតែមានស្នាមញញឹមស្រស់ស្រាយនៅពេលថ្លឹងទម្ងន់ ដោយបានអង្អែលសក់របស់នាងដើម្បីបង្ហាញពីម៉ូដសក់ថ្មី — រួមទាំងមានកន្លែងកោររលីងខ្លះៗផងដែរ។
ថ្លែងកាលពីដើមសប្តាហ៍ Carmouche បានទទួលស្គាល់ថា ប្រភេទទម្ងន់ Flyweight គឺជា «ការសម្រកទម្ងន់យ៉ាងសាហាវ» សម្រាប់រូបនាង។
នាងបានប្រាប់ Ariel Helwani នៅក្នុងកម្មវិធី Uncrowned ថា៖ «ដង់ស៊ីតេឆ្អឹងរបស់ខ្ញុំបន្តកើនឡើង ដូច្នេះទម្ងន់របស់ខ្ញុំក៏បន្តកើនឡើងដូចគ្នា ហើយខ្ញុំអាចបន្តកាត់បន្ថយកាឡូរីបាន ប៉ុន្តែវានឹងមិនផ្លាស់ប្តូររចនាសម្ព័ន្ធរាងកាយរបស់ខ្ញុំនោះទេ»។
«ដូច្នេះ ប្រភេទទម្ងន់ ១៣៥ ផោន គឺសមហេតុផលបំផុត ប៉ុន្តែទម្រង់ប្រកួតដែលខ្ញុំធ្វើបានក្នុងប្រភេទទម្ងន់ ១២៥ ផោន ធ្វើឱ្យវាពិបាកខ្លាំងណាស់ក្នុងការផ្លាស់ប្តូរឡើងទៅកាន់ប្រភេទទម្ងន់មួយទៀត»។
ការប្រកួតរវាង Carmouche និង Bishop គឺជាការប្រកួតសងសឹកឡើងវិញនៃជំនួបកាលពីឆ្នាំ ២០២៥ របស់ពួកគេ ដែលកាលណោះ Bishop ត្រូវបានផ្តួលឱ្យសន្លប់នៅក្នុងទឹកទីបី។
Carmouche ដែលជាអតីតជើងឯកទម្ងន់ Flyweight របស់ Bellator រកបានជ័យជម្នះ ៦ លើក និងបរាជ័យ ១ លើក ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងនៅក្នុង PFL នាឆ្នាំ ២០២៤។
ចំណែកឯ Bishop វ័យ ៤០ ឆ្នាំ មានលទ្ធផលចម្រុះនៅក្នុងស្ថាប័ន PFL ដោយចាញ់ ៣ លើក ក្នុងការប្រកួត ៨ លើក។
ជ័យជម្នះសម្រាប់ Carmouche នឹងក្លាយជាជ័យជម្នះលើកទី ២៧ ក្នុងអាជីពប្រយុទ្ធរបស់នាង បន្ទាប់ពីបានបង្ហាញខ្លួនដំបូងក្នុងកីឡា MMA កាលពីឆ្នាំ ២០១០។
ទោះបីជាមានអាជីពដ៏វែងឆ្ងាយយ៉ាងណាក៏ដោយ Carmouche បាននិយាយថានាងគ្មានផែនការចូលនិវត្តន៍នោះទេ ហើយមានបំណងប្រកួតជាមួយកីឡាការិនីអង់គ្លេស Dakota Ditcheva នាពេលអនាគតដ៏ខ្លីខាងមុខ។
Ditcheva កំពុងស្ថិតក្នុងដំណាក់កាលសម្រាកព្យាបាលក្រោយការវះកាត់ ហើយ Carmouche បាននិយាយថា ប្រសិនបើនាងដណ្តើមបានពានរង្វាន់ជើងឯកនៅថ្ងៃសុក្រនេះ ការប្រកួតនោះគឺជា «ការប្រកួតតែមួយគត់ដែលសមហេតុផល» សម្រាប់ការការពារតំណែងជើងឯកលើកដំបូងរបស់នាង។
Carmouche បាននិយាយថា៖ «[ខែមីនា] ផ្តល់ពេលគ្រប់គ្រាន់សម្រាប់នាងក្នុងការសះស្បើយពីការវះកាត់។ ខ្ញុំគិតថាការប្រកួតស្វាគមន៍ការត្រឡប់មកវិញ គឺគ្មានន័យទាល់តែសោះ»៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច