ព័ត៌មានទាន់ហេតុការណ៍៖

សម្រេចចោទប្រកាន់ជាផ្លូវការទៅលើជនជាតិចិនតៃវ៉ាន់ម្នាក់ដែលដឹកជញ្ជូនគ្រឿងញៀនជិត៥គីឡូក្រាម បម្រុងជិះយន្តហោះលោតឆត្រទៅប្រទេសជប៉ុន

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការ បន្ទាប់ពីបានបើកការស៊ើបសួរលើជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀនរួចរាល់ក៏សម្រេចចោទប្រកាន់ជាផ្លូវការពីបទជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ និង៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីនៃនាយកដ្ឋានគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិបានធ្វើការឃាត់ខ្លួនត្រួតពិនិត្យអ្នកដំណើរសញ្ជាតិចិនតៃវ៉ាន់ម្នាក់ដែលធ្វើដំណើរតាមជើងយន្តហោះ K6-818 ក្នុងគោលដៅឆ្ពោះទៅប្រទេសជប៉ុន ។ 

តាមការត្រួតពិនិត្យនៅលើដងខ្លួនជនជាតិចិនតៃវ៉ាន់នោះ មន្ត្រីគយនិងរដ្ឋាករកម្ពុជាយើងបានរកឃើញម្សៅពណ៌សចំនួន៣៥ កញ្ចប់ រុំជាប់នឹងដងខ្លួនជនសង្ស័យ ដែលសង្ស័យជាសារធាតុញៀន ។ បន្ទាប់ពីបានពិនិត្យឃើញដូច្នោះហើយ មន្ត្រីនៃនាយកដ្ឋានគយនិងរដ្ឋាករប្រចាំការនៅច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានសហការជាមួយមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដើម្បីធ្វើតេស្តលើវត្ថុតាងចាប់យក លទ្ធផលធ្វើតេស្តបឋម ម្សៅពណ៌សទាំងអស់នោះ ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន”Methamphetamine” មានទម្ងន់ ៤ ៩៦៥.៣០ ក្រាម (ជិត៥គីឡូក្រាម) ដែលបម្រុងជិះយន្តហោះលោតឆត្រទៅកាន់ប្រទេសជប៉ុននោះ ។ 

ក្រោយពេលពិនិត្យនិងធ្វើតេស្តលើវត្ថុតាងគ្រប់ជ្រុងជ្រោយតាមនីតិវិធី ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យនិងវត្ថុតាង រួមជាមួយសម្ភារមួយចំនួន ត្រូវបានប្រគល់ជូនទៅសមត្តកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងបន្តចាត់ការតាមផ្លូវច្បាប់ ។ 

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ក៏បានធ្វើសេចក្តីប្រកាសព័ត៌មានបង្ហោះលើបណ្តាញសង្គមហ្វេស

ប៊ុក ស្តីពីលទ្ធផលនៃកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបម្រុងឆ្លងដែនដោយខុសច្បាប់ទៅប្រទេសជប៉ុននេះដែរ។

បច្ចុប្បន្ន ជនត្រូវចោទជាជនជាតិចិន តៃវ៉ាន់រូបនេះកំពុងស្ថិតក្នុងដំណាក់កាល ចៅក្រមស៊ើបសួរ អាចសម្រេចឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ននាល្ងាចថ្ងៃទី១៣ខែមីនានេះ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖