ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្ត ចុះត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូគោក លើការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង សារធាតុញៀន និងការប្រើប្រាស់អាវុធខុសច្បាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក របស់ស្នងការដ្ឋាននគរបាលខេត្ត​ សហការជាមួយកម្លាំងអធិការដ្ឋានស្រុកក្រគរនិងកម្លាំងគ្រឿងញៀនខេត្ត កាលពីយប់មិញនេះ​ បានចេញសហប្រតិបត្តិការ ចុះត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក លើអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង សារធាតុញៀន និងការប្រើប្រាស់អាវុធខុសច្បាប់ ដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែន ការងារសណ្តាប់ធ្នាប់ និងជាប្រធានគោលដៅ ដោយមានការចូលរួមសម្របសម្រួលពីលោក គ្រី សីហា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តពោធិ៍សាត់។ 

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការស្រុកក្រគរ លោកវរសេនីយ៍ ឯក សុខ ឬទ្ធី នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ត្រី នៅ សុជាតិ មេបញ្ជាការកងរាជអាវុធហត្ថស្រុកក្រគរ ដែលកម្លាំងចូលរួមសរុប៤៧នាក់ ចុះត្រួតពិនិត្យ ជាតិស្រវឹង និងសារធាតុញៀន នៅលើកំណាត់ផ្លូវជាតិ លេខ០៥ គោលដៅត្រួតពិនិត្យមុន ផ្លូវបំបែកផ្សារក្រគរ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពិនិត្យសារធាតុញៀន និង គ្រឿងស្រវឹង រថយន្តសរុបចំនួន៧៧ គ្រឿង  រថយន្តតូចចំនួន៣៨គ្រឿង រថយន្តធំចំនួន២៥គ្រឿង ម៉ូតូចំនួន១៤គ្រឿង ក្នុងនោះពិន័យរថយន្តតូចដែលអ្នកបើកបរមានជាតិស្រវឹង ចំនួន២គ្រឿង បានធ្វើតេស្តសារធាតុញៀនមានចំនួន២៦នាក់ លទ្ធផលវិជ្ជមាន៣នាក់ ធ្វើការកែតម្រូវនិងដោះភ្លេីងរថយន្តតូច និងធំ ដែលបំពាក់ភ្លើងមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចំនួន១២គ្រឿង អប់រំឲ្យអ្នកបើកបរធ្វើការដោះចេញជាបន្ទាន់ ធ្វើការត្រួតពិនិត្យវាស់កម្រិតជាតិស្រវឹង ធ្វើការផាកពិន័យ និងមិនអនុញ្ញាតិអោយអ្នកបើកបរ ដែលមានជាតិស្រវឹងលើសកម្រិតបន្តបើកបររថយន្ត ដោយត្រូវផ្លាស់ប្តូរអ្នកបើកបរ ដែលរួមដំណើរមកជាមួយគ្នា ធ្វើការត្រួតពិនិត្យរកសារធាតុញៀន អាវុធ គ្រឿងផ្ទុះ ។

ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ត្រី នូវ តាល់ បានធ្វើអប់រំពន្យល់ឲ្យអ្នកបើកបរគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសវាងដាច់ខាតការប្រើប្រាស់សារធាតុញៀន អាវុធ ជាតិផ្ទុះ ខុសច្បាប់៕

ដោយ​៖ តារា​


ចែករំលែក៖