ខេត្តសៀមរាប៖ សកម្មភាពនៃការគ្រងឈុតអប្សរាបានក្លាយទៅជាបេសកកម្មធ្វើឱ្យពិភពលោកក្រឡេកមកម្ពុជាហើយនៅពេលនេះ ក្រោយពីម្ចាស់មកុដកំពូលសម្រស់មកពីជុំវិញពិភពលោកនៃកម្មវិធី Universal Women 2024 បានមកប្រមូលផ្តុំគ្នានៅលើកទឹកដីដ៏អច្ឆរិយៈរបស់កម្ពុជា គឺខេត្តសៀមរាបតែម្តង។ ការជួបជុំដ៏គួរឲ្យភ្ញាក់ផ្អើលនេះមិនបានបញ្ចប់ត្រឹមនេះឡើយ ពោលគឺអ្នកគ្រប់គ្រងកម្មវិធីនៅកម្ពុជាអ្នកនាង ប្រាសាទ ដាវីន បានប្រឹងប្រែងក្នុងការប្រមូលផ្តុំអ្នកជំនាញក្នុងការតុបតែងឈុតអប្សរាដើម្បីរៀបចំតុបតែងខ្លួនស្ត្រីជើងខ្លាំងកំពូលសម្រស់ទាំងអស់តែម្តងក្នុងទម្រង់សម្លៀកបំពាក់អប្សរា និងផ្តិតយកទិដ្ឋភាពដោយផ្ទាល់ក្នុងបរិវេណប្រាសាទបុរាណខ្មែរលើទឹកដីនៃខេត្តសៀមរាប ដែលនេះគឺជាសកម្មភាពដ៏ធំធេងប្រកបដោយមោទ នភាពដែលគេដឹងដែរថា ជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការផ្សព្វផ្សាយសិល្បៈវប្បធម៌ប្រពៃណីខ្មែរទៅកាន់ពិភពលោក ។
ទាំងនេះត្រូវបានគេចាត់ទុកថា ជា សកម្មភាពលើកដំបូងមិនធ្លាប់មាននេះក៏ជាការបើកទំព័រប្រវត្តិសាស្ត្រដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកម្មវិធីសម្រស់អន្តរជាតិនេះផងដែរ។ ក្រុមការងារនិងអ្នកផលិតកម្មវិធីបានខ្នះខ្នែងដុតដៃដុតជើងជាច្រើនខែកន្លងមកហើយ ពោលគឺចាប់តាំងពីទទួលបានការប្រកាសជាផ្លូវការក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីអន្តរជាតិនេះ។ មិននិយាយច្រើន ប៉ុន្តែការធ្វើចេញជាលទ្ធផលនេះបានបង្កើតឱ្យមានការកោតសរសើរពីសមត្ថភាព គំនិតច្នៃប្រឌិតរបស់អ្នកនាងប្រាសាទដាវីន ដែលកន្លងទៅធ្លាប់រំលេចមុខមាត់ជាតិលើឆាកអន្តរជាតិ ហើយឆ្នាំនេះនាងបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាថ្មីក្នុងការដឹកនាំក្រុមការងារផលិតកម្មវិធី និងដឹកនាំកញ្ញាឯកច្រើនជាង៦០ប្រទេសមកទស្សនកិច្ចនិងធ្វើរឿងធំខាងលើផងដែរ។ មានការចែករំលែកព្រោងព្រាតពីសកម្មភាពរបស់ពួកគាត់ដែលជាការលើកទឹកចិត្តទៅកាន់ការខិតខំប្រឹងប្រែងមិនខ្លាចការនឿយហត់ ខណៈដែលសកម្មភាពនេះបានជះឥទ្ធិពលដោយផ្ទាល់និងប្រយោលទៅកាន់វិស័យទេសចរណ៍នោះតែម្តង។ នេះក៏ចាត់ទុកបានថាជាការបង្ហាញអត្តសញ្ញាណជាតិ និងភាពជាម្ចាស់នៃសិល្បៈវប្បធម៌ពិសេសទម្រង់សម្លៀកបំពាក់អប្សរាផងដែរ។ កម្មវិធីទទួលបដិសណ្ឋារកិច្ចចាប់តាំងពីថ្ងៃទី១៣ ខែមីនានេះមករហូតដល់ថ្ងៃទី១៤ ខែមីនានៃការធ្វើដំណើរមកដល់របស់បេក្ខភាពមកពីជុំវិញពិភពលោកមុនពេលការធ្វើដំណើរមកាន់រាជធានីភ្នំពេញរាជធានីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមការប្រកួតជាផ្លូវការ និងមុនពេលចេញដំណើរទៅកាន់តំបន់ឆ្នេរសមុទ្រនិងកោះស្រស់ត្រកាលរបស់កម្ពុជាផងដែរ។ ចំណេញទាំងមុខមាត់ បានទាំងការចូលរួមចំណែកជួយផ្សព្វផ្សាយតំបន់ទេសចរណ៍វប្បធម៌ប្រពៃណីខ្មែរ និងបានបង្ហាញពីភាពរីកចម្រើនក្នុងវិស័យប្រកួតសម្រស់នៅកម្ពុជាផងដែរ។ ទស្សនិកជនក៏ទន្ទឹងរង់ចាំការប្រកួតផ្លូវការដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕
ដោយ ៖ វឌ្ឍនា