ភ្នំពេញ៖ ក្នុងគោលដៅពង្រឹងគុណភាពការងាររដ្ឋបាលទូទៅអោយបានប្រសើរឡើងថែមទៀត លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រី លោកប្រធានការិយាល័យ លោក -លោកស្រីចៅសង្កាត់ លោកមេប៉ុស្តី និង ស្មៀនសង្កាត់ទាំង ៨ ។
នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌបានដាក់ចេញនូវិធានការដែលត្រូវអនុវត្តបន្ត រួមមាន ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្ត អោយទទួលបានលទ្ធផលល្អ ជាពិសេសរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌនិងសង្កាត់ ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា ។
ចំណុចមួយទៀតពេលសិស្សចេញពីរៀនអាជ្ញាធរមូលដ្ឋានត្រូវចាត់ចែងកម្លាំងសម្រួលចរាចរនៅតាមសាលារៀនទាំងអស់ដើម្បីកុំអោយកកស្ទះ ក៏ដូចជា សុខសុវត្ថិភាពសិស្ស និងអ្នកដំណើរលើដងផ្លូវ ។
លោកអភិបាលបានបន្តថា សូមយកចិត្តទុកដាក់ក្នុងការបំរើ សេវាជូនប្រជាពលរដ្ឋ រួមមានសេវាតម្រូវការ សេវាសំណូមពរ សេវាចាំបាច់ ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព ។ ជាពិសេសត្រូវរៀបចំបញ្ជីឈ្មោះមន្ត្រីជាប់កិច្ចសន្យា ជនស្វ័យនិយោជ ដើម្បីបញ្ជូនឈ្មោះអោយធ្វើបណ្ណ ប.ស.ស និងត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋរស់នៅក្នុងបុរី សំណង់ផ្ទះល្វែង និងនៅតាមបន្ទប់ជួល ឬផ្ទះជួល អោយបានហ្មត់ចត់បំផុត ។ ត្រូវរៀបចំសណ្តាប់ធ្នាប់រថយន្តតាក់ស៉ីដែលឈប់ចតចាប់ម៉ូយរត់ប្រសេចប្រសាច នៅលើចិញ្ចើមផ្លូវជាតិលេខ១ចំនុចជិតគល់ស្ពានព្រះមុនីវង្សទៅដល់វត្តនិរោធ ។ សកម្មភាពបែបនេះធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន ។
ចុងបញ្ចប់នៃកិច្ចប្រជុំលោកអភិបាលខណ្ឌបានកោតសសើរដល់កងកម្លាំងទាំងអស់របស់គណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់បានសហការគ្នាល្អក្នុងការការពារសន្តិសុខសណ្តាប់ សាធារណៈបានល្អប្រសើរដើម្បីផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ជាពិសេសគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ចាប់ពីពេលនេះតទៅត្រូវអនុវត្តអោយបានម៉ឺងម៉ាត់បំផុតតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ ៕
ដោយ៖ សណ្តោស