សារព័ត៌មាន AFP បានដកស្រង់ប្រភពព័ត៌មាពីក្រសួងសុខាភិបាល នៅក្នុងតំបន់ហ្កាហ្សា បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនានេះថាកងទ័ពអ៉ីស្រាអែលបានបាញ់សម្លាប់មនុស្ស ២៩នាក់ និង១៥៥នាក់ទៀតរងរបួស ខណៈពួកគេប្រមូលផ្ដុំគ្នារង់ចាំទទួលជំនួយមនុស្សធម៌។ ប៉ុន្តែខាងអ៉ីស្រាអែលនិយាយថាសេចក្ដីរាយការណ៍នេះ គឺជារឿងមិនពិត។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយថាមនុស្សម្នាបានប្រមូលផ្ដុំគ្នារង់ចាំទទួលយកជំនួយ នៅក្នុងទីក្រុងហ្កាហ្សា ស្ថិតនៅ ភាគខាងជើងនៃតំបន់ហ្កាហ្សា នៅពេលដែលពួកគេត្រូវបានបាញ់ប្រហារដោយកងទ័ពអ៉ីស្រាអែល។ ដំបូងឡើយ ក្រសួងនេះបានបញ្ជាក់ថាមានមនុស្ស ១១នាក់ស្លាប់ និងជា១០០នាក់ បានរងរបួសក្នុងហេតុការណ៍នេះ។
លោក Mohammed Ghurab ជានាយកសេវាសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យមួយក្នុងភាគខាងជើងតំបន់ហ្កាហ្សា បានប្រាប់ AFP ថាកងទ័ពអ៉ីស្រាអែលបាន បាញ់រះតែម្ដងលើមនុស្សដែលកំពុងប្រមូលផ្ដុំគ្នាដើម្បីទទួលជំនួយពីរថយន្ដដឹកជំនួយមួយគ្រឿង។ រីឯអ្នកសារព័ត៌មាន AFP ម្នាក់នៅកន្លែងកើតហេតុក៏បាន មើលឃើញសាកសពជាច្រើននាក់ និងមនុស្សដែលត្រូវបានបាញ់ប្រហារផងដែរ។ ប៉ុន្តែខាងយោធាអ៉ីស្រាអែលបានបដិសេធថាខ្លួនមិនបានបាញ់ប្រហារលើ ប្រជាជនហ្កាហ្សាកំពុងរង់ចាំទទួលជំនួយនោះទេ៕ ដោយ៖ ធីរីណា
រូបថត៖ AP