ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងជ្រើសរើសមន្រ្តីសុខាភិបាលបន្ថែមដើម្បីធានាសេវាកម្ម២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ៖ វិធានគន្លឹះទី៣ គឺការកែទម្រង់វិស័យសុខាភិបាល ដែលផ្តោតលើការពង្រឹងសេវានៅមណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ក៏ដូចជាផ្នែកផ្សេងៗទៀតនៃវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជាយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងរយៈពេល៦ខែកន្លងមកនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានគន្លឹះទី៣ គឺការកែទម្រង់វិស័យសុខាភិបាល ដោយបាននិងកំពុងធ្វើកិច្ចការមួយចំនួនដូចជា៖

ទី១- បានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល

ទី២- កំពុងធ្វើបច្ចុប្បន្នភាពបុគ្គលិកសុខាភិបាលនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកកម្រិត១ មន្ទីរពេទ្យបង្អែកកម្រិត២ ក្នុងគោលដៅកំណត់តម្រូវការមន្រ្តីសម្រាប់ការជ្រើសរើស និងពង្រាយដើម្បីធានាសេវា២៤ម៉ោង លើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ជូនប្រជាពលរដ្ឋ។

ទី៣- កំពុងរៀបចំផែនការចំណាយ និងគោលដៅផ្គត់ផ្គង់ឱសថ និងសម្ភារៈបរិក្ខារចាំបាច់សម្រាប់មណ្ឌលសុខភាព រួមទាំងពិនិត្យលទ្ធភាពនៅក្នុងការបង្កើននូវថ្នាំចាំបាច់មួយចំនួនដូចជាថ្នាំលើសឈាមជាដើម ៕ 

ដោយ ៖ សិលា


ចែករំលែក៖