ភ្នំពេញ៖ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះថា៖ ករណីទម្លាក់ស័ក្ដិលោកឧត្តមសេនីយ៍ឯក យិន គារ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ មកថ្នាក់ទាបបំផុត គឺពលបាលត្រី តាមសំណើរបស់សាមីខ្លួន ក្រោយមន្រ្តីនគរបាលរូបនេះ ត្រូវបានរកឃើញសារធាតុញៀន ពេលធ្វើតេស្ត។ បន្ទាប់ពីលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឯកភាពឲ្យពិនិត្យឡើងវិញ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានគូសបញ្ជាក់ថា ករណីទម្លាក់ស័ក្ដិរបស់លោកឧត្តមសេនីយ៍ឯក យិន គារ មកថ្នាក់ទាបបំផុតក្នុងជួរនគរបាលនោះ សាមីខ្លួនបានដាក់លិខិតគោរស្នើសុំ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើការពិនិត្យរកសារធាតុញៀនរបស់លោកឡើងវិញ។
លោក ទូច សុខៈ បានថ្លែងបន្តថា ដើមចមនៃការទម្លាក់ស័ក្ដិរបស់លោកឧត្តមសេនីយ៍ឯក យិន គារ ផ្ដើមចេញពីការពិនិត្យរកសារធាតុញៀនហើយរកឃើញវិជ្ជមាន ខណៈសាមីខ្លួនបានអះអាង តាមលិខិតដែលស្នើទៅកាន់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃថា ខ្លួនមិនបានជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនឡើយ ពោលនៅថ្ងៃពិនិត្យបានពឹងឲ្យគេជួយបិទលេខកូដ លើឧបករណ៍ពិនិត្យទឹកនោមរបស់ខ្លួន ហើយពេលនោះរូបលោកបានចូលបន្ទប់ធ្វើការវិញ ដោយមិនបានឃើញលទ្ធផលនោះទេ។
គួរបញ្ជាក់ដែរថា យោងតាមរយៈលិខិតស្នើសុំនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានចារឯកភាពឱ្យធ្វើការពិនិត្យឡើងវិញ ដោយបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលជាអង្គភាពសាមី។ ដោយឡែក សម្រាប់លទ្ធផលយ៉ាងណានោះ នឹងធ្វើការពិនិត្យសម្រេចក្រោយ៕
ដោយ៖ តារា