ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ទី១៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើក​ទី៨ នៅក្នុងខេត្តសៀមរាប។

ពិធីបើកបុណ្យទន្លេរសៀលនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋ​សភា សមាជិករាជរដ្ឋាភិបាល គណៈកម្មការអន្តរក្រសួង ឯកអគ្គរាជ​ទូត​-រដ្ឋទូតមេគង្គ និងមេ​គង្គ​បូក១ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងទេសចរណ៍ និងខេត្តសៀមរាប អង្គការជាតិ និងអន្តរជាតិ និងផ្នែកឯកជនសរុបប្រមាណ ២,០០០នាក់។

ពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែ​ចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជ​រដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់​អភិវឌ្ឍតំបន់ តាមដងទន្លេប្រកបដោយនិរន្ត​រភាព និងការទទួលខុសត្រូវ។ ព្រឹត្តិការណ៍បុណ្យ​ទន្លេ ក៏ជាឱកាសមួយដើម្បី​ពង្រឹង​គុណភាពសេវាកម្ម និងការបង្កើតនិងអភិវឌ្ឍផលិតផល​ទេស​ចរណ៍​ថ្មីៗ ប្រកប​ដោយ​ការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និង​សហ​គមន៍​ទេសចរណ៍តាមដងទន្លេជាដើម។

ពិធីបុណ្យទន្លេ ត្រូវបានប្រារព្ធឡើងលើកទី១ ឆ្នាំ២០១៥ នៅខេត្តក្រចេះ, លើកទី២ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម-ត្បូងឃ្មុំ, លើកទី៣ ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង, លើកទី៤ ឆ្នាំ២០១៨ នៅ​ខេត្តកណ្ដាល, លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង និងលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់​ដំបង, លើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ និងលើកទី៨ ឆ្នាំ២០២៤នេះ នៅក្នុងខេត្ត​សៀម​រាប។

ពិធីបុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាប រៀបចំឡើងក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែមីនា ឆ្នាំ២០២៤។

ខេត្តសៀមរាប ជាខេត្តទេសចរណ៍ដ៏ល្បាញល្បី និងប្រកបដោយសក្តានុពលបំផុតរបស់​កម្ពុជា​។ មិនត្រឹមទស្សនាប្រាង្គប្រាសាទដែលជារតនៈសម្បត្តិរបស់កម្ពុជាមិនអាចកាត់ថ្លៃបាន​នោះទេ តែខេត្តសៀមរាប មានកន្លែងសម្រាប់ទេសចរណ៍បែបធម្មជាតិ ដូចជានៅសហគមន៍​ទេស​ចរណ៍​កំពង់ភ្លុក ទស្សនាភូមិឋានប្រជាពលរដ្ឋ ទស្សនាផលិតផលប្រចាំតំបន់ និងការលេងកម្សាន្តនៅ​តាម​រមណីយដ្ឋានទេសចរច្នៃប្រឌិតជាច្រើនទៀត។

បន្ទាប់ពីជួបស្ថានភាពដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកំពុងដាក់ចេញវិធាន​ការជាច្រើន ដើម្បីលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាបឡើងវិញ។ ក្នុងនោះ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំទស្សនាខេត្តសៀមរាប ដែលជា​កម្មវិធីមួយជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាបឡើងវិញ។

ពិធីបុណ្យទន្លេក្នុងខេត្តសៀមរាបឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ គាំទ្រដល់សកម្មភាព​ទស្សនាចរ​ខេត្តសៀមរាបក្នុងឆ្នាំ២០២៤។ ដើម្បទាក់ទាញអ្នកទេសចរ ក្នុងពិធីបុណ្យទន្លេបាន​រៀប​ចំ​ព្រឹត្តិការណ៍ជាច្រើន ជាមួយការបញ្ចេញកញ្ចប់ថវិការហូតដល់ទៅប្រមាណ ៤៥០លាន​រៀល។

ពិធីបុណ្យទន្លេនៅខេត្តសៀមរាប មានរៀបចំកម្មវិធីជាច្រើន សម្រាប់ការកម្សាន្តរបស់អ្នកទេសចរមានដូចជា៖

* ការសម្ដែងសិល្បៈ ការប្រគំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរ

* មហោស្រពម្ហូបអាហារមេគង្គ និងមេគង្គបូក១

* ការតាំងពិព័រណ៍សមិទ្ធផល និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប

* ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅរបស់ខ្មែរ

* ការតាំងពិព័រណ៍រូបភាពសត្វស្លាប និងគូរគំនូរ

* យុទ្ធនាការសំអាតបរិស្ថានតាមក្រុង ស្រុកជាប់ទន្លេក្នុងខេត្តសៀមរាប

* សិក្ខាសាលា ពង្រឹងគុណភាពផលិតផល និងសេវាកម្មក្នុងឧស្សាហកម្ម ទេសចរណ៍ខេត្តសៀមរាប ពិធីលែងកូន ត្រី និងជិះទូករាជហង្សមេគង្គ និងមេគង្គបូក១

* សកម្មភាពកីឡា, រួមមាន៖ ការជិះកង់កម្សាន្តលក្ខណៈមហាជនជុំវិញបរិវេណអង្គរវត្ត, ការប្រកួត វាយកូនហ្គោល, ការជិះទូកកម្សាន្តលក្ខណៈមហាជន, កីឡាបាញ់ធ្នូមហាជន

មានការរៀបចំយុទ្ធនាការសំអាតបរិស្ថានតាមក្រុង ស្រុកជាប់ទន្លេក្នុងខេត្តសៀមរាប និងការប្រឡង ប្រជែងអានអត្ថបទ និងស្មូតកំណាព្យ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»

* ពិធីប្រលែងកូនត្រី និងជិះទូករាជហង្សកម្សាន្ត ជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសមេគង្គ មេគង្គ បូកមួយ និងបវរកញ្ញាពិភពលោក ព្រមទាំងពិធីបណ្តែតកន្ទោងអបអរសាទរ ពិធីបុណ្យទន្លេជា ដើម។

ក្នុង​ពិធីបុណ្យទន្លេក្នុងខេត្តសៀមរាប រំពឹងទទួលបានអ្នកទេសចរប្រមាណ ៥០ម៉ឺននាក់៕

ដោយ៖ តារា


ចែករំលែក៖