ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកចំនួន៧ ជូនយោធិនពិការនៅភូមិស្នាតេជោ៣១៧​ ឃុំបង្ល័ង ស្រុកបាគង

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហ៊ុន ម៉ានិត រួមទាំងក្រុមការងារ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ​ បានអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន៧ ជូនគ្រួសារយោធិនពិការ ដេីម្បី​ប្រើប្រាស់ជាផ្លូវការ​ ស្ថិតនៅភូមិស្នាតេជោ៣១៧ ឃុំបង្ល័ង ស្រុកបាគង ខេត្តសៀមរាប។

នាឱកាស​នោះ​ លោក​ ហ៊ុន ម៉ានិត បានមានប្រសាសន៍សំណេះសំណាលជាមួយក្រុមគ្រួសារយោធិនពិការយ៉ាងដូច្នេះថា៖ ដោយសារលោកស្រី ឌី សុខីទីឃាយុកោ ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក មានធុរផ្ទាល់ខ្លួន ទើបឯកឧត្តមអញ្ជើញប្រគល់ជំនួស។ 

ឆ្លៀតក្នុងឱកាសនោះដែរលោក ហ៊ុន​ ម៉ានិត​ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារយោធិនពិការដែលបានចូលរួមថា សម្តេចជានិច្ចកាលលោកតែងតែ ចង់ដឹងពីសុខទុក្ខក្រុមគ្រួសារនិវត្តជន និងគ្រួសារកងទ័ពជួរមុខ ដែលកំពុងឈេជើងការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែន និងជីវភាពរបស់កងទ័ពទាំងអស់។ ជាក់ស្តែងនៅថ្ងៃនេះក្រុមគ្រួសារយោធិននៅទីនេះ ទទួលបានអំណោយអណ្តូងទឹកចំនួន៧ ដែលជាអំណោយរបស់មាតាបិតាបង្កើតសម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត សម្រាប់ប្រើប្រាស់ជាផ្លូវការ។

លោក​ ហ៊ុន​ ម៉ានិត​ បានថ្លែង​បន្តថា​ អំណោយអណ្តូងទឹកទាំងនេះ គឺជាអំណោយកេរមរតក មាតាបិតា បង្កើត សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលពួកគាត់បានទទួលអនិច្ចកម្មអស់ទៅហើយ, ហើយនៅពេលដែលលោកនៅមានជីវិត គឺគាត់ចូលចិត្តបុណ្យដាក់ទាន មានចិត្តសប្បុរសធម៌ បរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជាច្រើន ក្នុងវិស័យមនុស្សធម៌ ដូចជាការកសាងសាលារៀន វត្តអាម របង និងទ្រព្យសម្បត្តិសាធារណះមួយចំនួនទៀត ពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមទីជនបទ គ្រួសារកងទ័ពការពារ នៅតាមបន្ទាត់ព្រំដែន ដែលខ្វះខាតទឹកស្អាតប្រើប្រាស់តែម្តង ព្រោះទឹកគឺជាជីវិត។

ក្រុមគ្រួសារយោធិនពិការទាំងអស់ សូមថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រួសារសម្តេច ដែលតែងតែគិតគូរ ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសគ្រួសារកងទ័ពនៅតាមបន្ទាត់ព្រំដែន។ ពួកគាត់ឱ្យដឹងថា ដំបូងឡើយនៅទីនេះមិនមានអណ្តូងទឹកស្អាតប្រើប្រាស់ទេ គឺត្រូវចំណាយថវិកាទិញទឹកសុទ្ឋ ប្រើទឹកអណ្តូងដៃ រឺទៅយកទឹកបឹងបួរយកមកប្រើប្រាស់ជាប្រចាំ តែបន្ទាប់ពីមានអណ្តូងមាតាបិតាបង្កើតសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមក ពួកគាត់លេងពិបាកដូចមុនទៀតហើយ នេះជាការលើកឡើងរបស់ពួកគាត់។

គួរបញ្ជាក់ដែរថា​ ក្នុងឱកាសនោះ​លោក ហ៊ុន ម៉ានិត និងក្រុមការងារ​ បាននាំយកអំណោយទ្រនប់ដៃរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនក្រុមគ្រួសារយោធិនពិការ ដែលបានចូលរួមក្នុងពីធីរួមមាន៖ ថ្នាំពេទ្យ ,ក្រណាត់ស ,ក្រមា និងថវិកាមួយចំនួនផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖