ព័ត៌មានទាន់ហេតុការណ៍៖

លោក ទូច សុខ: អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ៖ ករណីមន្ត្រីពាក់ស្បែកជើងចូលវិហារ គឺខាងអគ្គនាយកដ្ឋានធនធានមនុស្ស នឹងពិនិត្យធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃដើម្បីពិនិត្យ សម្រេច តាមអនុសាសន៍សម្តេចតេជោ

ចែករំលែក៖

ភ្នំពេញ ៖ ពាក់ព័ន្ធស្នងការរង នគរបាលខេត្តកំពង់ចាមម្នាក់ បានពាក់ស្បែកចូលព្រះវិហារ , លោក ទូច សុខ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ប្រាប់ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» ថា ៖ ចំពោះព័ត៌មាននេះខ្ញុំបានទទួលច្រើនថ្ងៃហើយ ហ្នឹងទើបទទួល ឃើញសម្ដេចតេជោ លោកបានបង្ហោះលើហ្វេសប៊ុករបស់លោក នៅថ្ងៃនេះបន្ថែមទៀត។

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុខ: បានបន្តថា ៖ ទីមួយអនុសាសន៍របស់សម្ដេចតេជោ បង្ហាញអំពីការលើកកម្ពស់ សីលធម៌ជាទូទៅ ហើយជាពិសេសសីលធម៌ នៅក្នុងការប្រតិបត្តិ ព្រះពុទ្ធសាសនាដែលយើង ម្នាក់ៗជាពុទ្ធសាសនិក ហើយព្រះពុទ្ធសាសនាត្រូវបាន ច្បាប់រដ្ឋធម្មនុញ្ញត្រូវបានកំណត់ ថាជាសាសនារបស់រដ្ឋ ។ ដូច្នេះនេះគឺជាការក្រើនរំលឹកឲ្យគោរព ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង។

លោកបណ្ឌិតថ្លែងទៀតថា ៖ ហើយអនុសាសន៍នេះ ក៏បង្ហាញថាលោកជា ឪពុកម្ដាយរបស់យើងទាំងអស់គ្នា ដែលតែងតែមើលកូនចៅ រាល់កូនចៅណាដែលឆ្គាំឆ្គង ប្រដែប្រដៅ អប់រំ ណែនាំ បង្ហាញផ្លូវជាដើម។ កូនចៅណាដែលធ្វើល្អមានស្នាដៃគឺ លើកទឹកចិត្ត និងផ្ដល់រង្វាន់ តាមរូបភាពផ្សេងៗ។

លោក ទូច សុខ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបន្តថា ៖ ទីពីរចំពោះករណីនេះក្រសួងមហាផ្ទៃ នឹងពិនិត្យ ជាពិសេសខាងអគ្គនាយកដ្ឋានធនធានមនុស្ស នឹងពិនិត្យថាតើក្នុងចំណោមនេះ មានមន្ត្រីណាខ្លះដែលស្ថិតនៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ។ ទោះបីជាមន្ត្រីរដ្ឋបាលស៊ីវិល ឬក៏ជានគរបាល ឬជាមន្ត្រីពន្ធនាគារយ៉ាងណាក៏ដោយ ដូច្នេះទុកពេលឱ្យខាង អង្គភាពជំនាញលោកពិនិត្យ ដោយជាក់ស្ដែង ហើយលោកនឹង ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃដើម្បីពិនិត្យ សម្រេច ហើយជាពិសេសគឺ ពិនិត្យពិចារណាទៅលើ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ដែលលោកជាឪពុកម្ដាយរបស់យើងទាំងអស់គ្នា។

សូមជម្រាបថា ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ បានបង្ហោះសារលើផេកផ្ទាល់ខ្លួនសម្តេចថា ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះ នឹងរៀបចំឋានះនិងកាំប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញព្រោះពួកគាត់មិនសមជាមន្ត្រីដែលមានឋាន:នោះឡើយ។ 

សូមបញ្ជាក់ថា ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីការរិះគន់ជាច្រើនលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឃើញមន្ត្រីរូបនោះពាក់ស្បែកជើងបាត់តា ចូលក្នុងវិហារ ខណះមន្ត្រីនិងអង្គរក្សឯទៀតដោះស្បែកជើងគ្រប់គ្នា ។ 

ប្រភពអាចយកជាការបានបញ្ជាក់ថា ៖ អ្នកពាក់ស្បែកជើងចូលព្រះវិហារនោះ គឺលោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ពេលអមដំណើរ លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានអញ្ជេីញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យកាន់អង្គ និងឆ្លងសម្ពាធសមិទ្ធផលនានានៅក្នុងវត្ដវេឡុវ័ន ហៅ(វត្ដទួលរកា) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ដកំពង់ចាម នាពេលខាងមុខ នៅវត្ដវេឡុវ័ន (វត្ដទួលរកា) ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ។

ទីបំផុត ! ក្រោយមកប៉ុន្មានថ្ងៃរូបភាពលោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្រូវបានចែកចាយតាមបណ្ដាញសង្គម ។

ក្នុងករណីនេះ លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ប្រាប់ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» ថា ៖ ពិតជារូបខ្ញុំពិតប្រាកដ ហើយខ្ញុំទទួលកំហុស គ្រប់បែបយ៉ាង ជាពិសេសខ្ញុំត្រូវធ្វើលិខិតសូមទោសជាសាធារណៈ ចំពោះកំហុសរបស់ខ្ញុំនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖