ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វើលិខិតសូមទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន , សម្តេច ហ៊ុន ម៉ាណែត

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វើលិខិតសូមទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជុំវិញករណីពាក់ស្បែកជើងចូលព្រះវិហារ។

ខាងក្រោមនេះជា លិខិតសូមទោសជាសាធារណៈ របស់លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ៖ 

ខ្ញុំបាទឈ្មោះ ជា ធារិទ្ធ ឋានៈ ជាស្នងការរងទទួលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមលើកដៃសូមខមាទោសជាសារធាណៈ ចំពោះ ៖

-ព្រះសង្ឃគ្រប់អង្គ

-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

-សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ជាទីគោរព ដ៏ខ្ពង់ខ្ពស់បំផុត!

-ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់

-ពុទ្ធបរិស័ទ និងសាធារណជនទាំងអស់ ជាទីគោរពរាប់អាន

ខ្ញុំបាទសូមប្រគេនព្រះសង្ឃគ្រប់អង្គ និងគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ព្រម ទាំងសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅវេលាម៉ោង ០៩ និង ០០ព្រឹក ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤ ខ្ញុំ បាទបានចូលរួមជាមួយក្រុមការងារចម្រុះ ដឹកនាំដោយ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ដើម្បីចុះត្រួតពិនិត្យទីតាំងរៀបចំ និងត្រៀមលក្ខណៈការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ពិធីបុណ្យឆ្លងសមិទ្ធ ផលនានារបស់វត្ត ទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយខណៈនោះ ខ្ញុំនិងថ្នាក់ដឹកនាំ បានត្រួតពិនិត្យជុំវិញបរិវេណវត្ត បន្ទាប់មកក៏បន្តឡើងទៅត្រួតពិនិត្យក្នុងព្រះវិហារ តែដោយស្ថានភាពប្រញាប់ ប្រញ៉ាល់ គួបផ្សំនឹងការធ្វេសប្រហែសរបស់ខ្ញុំបាទ ធ្វើឲ្យខ្ញុំភ្លេចខ្លួន មិនបានដោះស្បែកជើងមុននឹងចូលទៅ ក្នុងព្រះវិហារ ដែលធ្វើឲ្យមានការប៉ះពាល់ដល់ តម្លៃសីលធម៌ ទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនាជាទី ជាទីគោរពសក្ការៈ ។

ខ្ញុំបាទមានការសោកស្តាយយ៉ាងខ្លាំង និងទទួលស្គាល់កំហុសឆ្គងដែលកើតឡើងដោយអចេតនា ខ្ញុំបាទ សូមគោរពសុំខមាទោសដោយស្មោះ ចំពោះ ព្រះសង្ឃគ្រប់អង្គ សម្តេចតេជោ សម្តេចបរវធិបតី ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងសាធារណជនទាំងអស់ ខ្ញុំបាទសន្យាថា និងមិនឲ្យកើតមានកំហុសឆ្គងបែបនេះបន្តទៀត ឡើយ ក្នុងនោះដែរខ្ញុំបាទនឹងខិតខំ ប្រតិបត្តិទៅតាមធម៌វិន័យ គន្លង ព្រះពុទ្ធសាសនា ឲ្យបានល្អ។

សូម សម្តេច ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងសាធារណៈជនទាំងអស់ ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ៕

ដោយ ៖ សិលា


ចែករំលែក៖