ភ្នំពេញ ៖ អនុវត្តតាមបទដ្ឋានគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព កាលពីម្សិលមិញ នគរបាលក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបាន៣២ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៨៤នាក់ចាត់នីតិវិធីតាមច្បាប់បន្ត។
លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ករណីព្រហ្មទណ្ឌបង្ក្រាបបានចំនួន៥ករណី ឃាត់ខ្លួនបាន៦នាក់។ ក្នុងនោះ រួមមាន ឃាតកម្មដោយអចេតនា លួច ហិង្សាដោយចេតនា និងហិង្សាក្នុងគ្រួសារជាដើម ដែលជាបទមជ្ឈិម។ ចំណែកឯបទឧក្រិដ្ឋ មាន១ករណី គឺករណីប្លន់។
ដោយឡែក ករណីគ្រឿងញៀនវិញ អ្នកនាំពាក្យរង បន្តថា ក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន២១ករណី ឃាត់ខ្លួនបាន៥៣នាក់ និងរឹបអូសសារធាតុសង្ស័យគ្រឿងញៀនចំនួន៥៩,៣៨ក្រាម ដែលកើតក្នុងខេត្តបន្ទាយមានជ័យ កំពង់ធំ មណ្ឌលគិរី ភ្នំពេញ ពោធិសាត់ តាកែវ ត្បូងឃ្មុំ។ ទន្ទឹមនេះ បង្ក្រាបក្មេងទំនើង បាន៣ករណី ឃាត់ខ្លួន១៦នាក់ ភ្នំពេញ២ករណី ឃាត់ខ្លួន១១នាក់ និងកំពង់ចាម១ករណី ឃាត់ខ្លួន៥នាក់។ នៅថ្ងៃដដែលនេះដែរ នគរបាលជាតិ ក៏បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចំនួន១ករណីនៅកំពង់ចាម ឃាត់ខ្លួន៣នាក់។
ការបង្ក្រាបបទល្មើសទូទៅ គឺជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញកាលពីដើមអាណត្តិទី៧នេះ តាមគោលការណ៍«សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងទស្សនៈរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕
អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ