ខេត្តមណ្ឌលគិរី៖ បេីតាមការបញ្ជាក់ពីប្រធានពេទ្យបង្អែកខេត្តមណ្ឌលគិរី លោកវេជ្ជបណ្ឌិត ទុយ ស្រស់ បានឱ្យដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះថា៖ ករណីបងប្អូនជនជាតិដើមភាគតិចព្នងនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី មួយគ្រួសារ បានបរិភោគផ្អកសាច់ជ្រូកព្រៃធ្វើខ្លួនឯង (សាច់ជូ) បណ្តាលឱ្យពុលស្លាប់២នាក់ប្តីប្រពន្ធ បន្សល់ទុកកូនតូចៗ២នាក់ឲ្យនៅកំព្រា រួមទាំងបងថ្លៃសពម្នាក់ កំពុងធ្វើការសង្រ្គោះនៅពេទ្យបង្អែកខេត្ត មិនដឹងថាមានវាសនាយ៉ាងណានោះឡើយ។
លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ ស្ថានភាពអ្នកជំងឺទាំង៣នាក់នៅមានសភាពធ្ងន់ធ្ងរនៅឡើយ ដោយសារដង្ហើមខ្សោយ ខណៈក្រុមគ្រូពេទ្យ បាននិងកំពុងព្យាយាមសង្គ្រោះ។
ប្រធានពេទ្យរូបនេះ បានថ្លែងបន្តថា «ករណីនេះនៅមិនទាន់ច្បាស់ថាជនរងគ្រោះពុលសាច់ជ្រូកព្រៃ ឬពុលគ្រឿងផ្សំជាមួយសាច់ជ្រូកព្រៃនោះ ដោយក្រុមគ្រូពេទ្យបានប្រមូលសំណាកបញ្ជូនទៅមន្ទីរពិសោធន៍រួចហើយ ប៉ុន្តែមិនទាន់ចេញលទ្ធផល»។
គួរបញ្ជាក់ថា ករណីនេះកើតឡើងកាលនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយជនរងគ្រោះដែលស្លាប់២នាក់ប្តីប្រពន្ធ រួមមាន៖ ទី១៖ ឈ្មោះ យ៉េង ជីនាន អាយុ៣៤ឆ្នាំ ជនជាតិព្នង (ស្លាប់), និងទី២៖ ឈ្មោះ ផាន សុបឿន (ប្រពន្ធ) អាយុ២៩ឆ្នាំ ជនជាតិខ្មែរ (ស្លាប់) នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក។
ចំណែកជនរងគ្រោះ៣នាក់ទៀត ដែលកំពុងជួយសង្គ្រោះរួមមាន៖ ទី១៖ ឈ្មោះ ជីនាន វិសាល អាយុ៦ឆ្នាំ (កូន), ទី២៖ ឈ្មោះ ជីនាន ពិសី ភេទស្រី អាយុ៤ឆ្នាំ (កូន) និងទី៣៖ ឈ្មោះ កែវ ស្នា អាយុ៤០ឆ្នាំ (បងថ្លៃសព)។
ជុំវិញករណីនេះដែរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី លោក ប៊ុន សួរ បានឱ្យដឹងដែរថា លោកកំពុងជំរុញបន្ថែមដល់ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតទាំងអស់ក្នុងពេទ្យបង្អែក ខេត្តមណ្ឌលគិរី ធ្វើយ៉ាងណាខិតខំព្យាបាលអ្នកជំងឺដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ប្រកបដោយវិជ្ជាជីវះ និងក្រមសីលធម៌ល្អ។
ដោយឡែកអភិបាលស្រុកកោះញែក លោក ឌឹម នី ក៏បានឱ្យដឹងថា អាជ្ញាធរស្រុកឃុំខេត្ត បានចុះសួរសុខទុក្ខក្រុមគ្រួសារសពកំពុងជួយសង្គ្រោះ៕
ដោយ៖ តារា