ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ករណី​ពុលផ្អកសាច់ជ្រូកព្រៃស្លាប់២នាក់ដែលជាជនជាតិដើមភាគតិចព្នង និងកំពុងសង្គ្រោះ៣នាក់​ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បេីតាមការ​បញ្ជាក់ពី​ប្រធានពេទ្យបង្អែកខេត្តមណ្ឌលគិរី​ លោកវេជ្ជបណ្ឌិត ទុយ ស្រស់ បានឱ្យដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះថា៖​ ករណី​បងប្អូនជនជាតិដើមភាគតិចព្នងនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី​ មួយគ្រួសារ បានបរិភោគផ្អកសាច់ជ្រូកព្រៃធ្វើខ្លួនឯង (សាច់ជូ) បណ្តាលឱ្យពុលស្លាប់២នាក់ប្តីប្រពន្ធ បន្សល់ទុកកូនតូចៗ២នាក់ឲ្យនៅកំព្រា រួមទាំងបងថ្លៃសពម្នាក់ កំពុងធ្វើការសង្រ្គោះនៅពេទ្យបង្អែកខេត្ត មិនដឹងថាមានវាសនាយ៉ាងណានោះឡើយ។

លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត​ បានឱ្យដឹងទៀតថា​ បច្ចុប្បន្ន​នេះ​ ស្ថានភាពអ្នកជំងឺទាំង៣នាក់នៅមានសភាពធ្ងន់ធ្ងរនៅឡើយ ដោយសារដង្ហើមខ្សោយ ខណៈក្រុមគ្រូពេទ្យ បាននិងកំពុងព្យាយាមសង្គ្រោះ។

ប្រធាន​ពេទ្យរូបនេះ​ បានថ្លែង​បន្តថា «ករណីនេះនៅមិនទាន់ច្បាស់ថាជនរងគ្រោះពុលសាច់ជ្រូកព្រៃ ឬពុលគ្រឿងផ្សំជាមួយសាច់ជ្រូកព្រៃនោះ ដោយក្រុមគ្រូពេទ្យបានប្រមូលសំណាកបញ្ជូនទៅមន្ទីរពិសោធន៍រួចហើយ ប៉ុន្តែមិនទាន់ចេញលទ្ធផល»។

គួរបញ្ជាក់ថា​ ករណីនេះកើតឡើងកាលនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី​ ដោយ​ជនរងគ្រោះដែលស្លាប់២នាក់ប្តីប្រពន្ធ រួមមាន៖​ ទី១៖ ឈ្មោះ យ៉េង ជីនាន អាយុ៣៤ឆ្នាំ ជនជាតិព្នង (ស្លាប់),​ និងទី២៖ ឈ្មោះ ផាន សុបឿន (ប្រពន្ធ) អាយុ២៩ឆ្នាំ ជនជាតិខ្មែរ (ស្លាប់) នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក។

ចំណែក​ជនរងគ្រោះ៣នាក់ទៀត ដែលកំពុងជួយសង្គ្រោះរួមមាន៖​ ទី១៖ ឈ្មោះ ជីនាន វិសាល អាយុ៦ឆ្នាំ (កូន),​ ទី២៖ ឈ្មោះ ជីនាន ពិសី ភេទស្រី អាយុ៤ឆ្នាំ (កូន)​ និងទី៣៖ ឈ្មោះ កែវ ស្នា អាយុ៤០ឆ្នាំ (បងថ្លៃសព)។

ជុំវិញករណីនេះដែរ​ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី លោក ប៊ុន សួរ បានឱ្យដឹងដែរថា លោកកំពុងជំរុញបន្ថែមដល់ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតទាំងអស់ក្នុងពេទ្យបង្អែក ខេត្តមណ្ឌលគិរី ធ្វើយ៉ាងណាខិតខំព្យាបាលអ្នកជំងឺដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ប្រកបដោយវិជ្ជាជីវះ និងក្រមសីលធម៌ល្អ។

ដោយឡែក​អភិបាលស្រុកកោះញែក លោក ឌឹម នី ក៏បានឱ្យដឹងថា អាជ្ញាធរស្រុកឃុំខេត្ត បានចុះសួរសុខទុក្ខក្រុមគ្រួសារសពកំពុងជួយសង្គ្រោះ៕

ដោយ៖ តារា


ចែករំលែក៖