ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់សហគមន៍ឥស្លាមកម្ពុជាឱ្យបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលនូវមុខជំនាញ វិជ្ជាជីវៈ និងបចេ្ចកវិជ្ជាផ្សេងៗ ដើម្បីបងប្អូនខ្មែរឥស្លាម ទទួលបាននូវការងារសមស្រប ធ្វើឱ្យជីវភាពគ្រួសារ និងសង្គមជាតិ កាន់តែប្រសើរឡើងថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជា លើកទី ៨ ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ។ 

ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំឭកនូវអត្ថន័យនៃការប្រារព្ធពិធីពិសាអាហារស្រាយបួសនេះ​ ជាការផ្តួចផ្តើមគំនិតដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានរៀបចំ តាំងពីឆ្នាំ ២០១៤ កន្លងមក។ ដោយអនុវត្តតាមគន្លងដ៏ប្រពៃរបស់សម្តេចតេជោ  បន្ទាប់ពីការស្រាយបួសនៅទីនេះហេីយ​ សម្តេចតេជោ តែងតែបានជ្រើសរើសទីតាំងមួយទៀត​ ទៅចូលរួមស្រាយបួសដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូបផងដែរ។ ពិធីនេះរៀបចំឡើង ដើម្បីបង្ហាញឱ្យឃើញនូវសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រក​បដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សន្តិភាព ហើយក៏ជាការផ្តល់ឱកាស សម្រាប់អង្គពិធីបានជួបប្រាស្រ័យទាក់ទងគ្នា កាន់តែជិតស្និទ្ធ ផ្លាស់ប្តូរគំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មវិស័យឥស្លាមសាសនានៅកម្ពុជា សំដៅរក្សានូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។

សម្តេចធិបតី បានបន្តទៀតថា កម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពរវាងគ្នានិងគ្នាយ៉ាងល្អប្រសើរ បង្កើតជាសុខដុមនីយកម្មសាសនានៅកម្ពុជា  តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដោយមានកិច្ចសហការល្អ ជាមួយស្ថានប័ន  អង្គភាព ក៏ដូចជា ដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋគ្រប់សាសនិក នៅព្រះរាជាណាចក្រកម្ពុជា ទាំងបច្ចុប្បន្ន និងអនាគត ។ រាជរដ្ឋាភិបាល ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជន បានខិតខំធ្វើឱ្យសាសនា​ទាំងអស់ ទទួលបានការគាំពារធានា និងលើកទឹកចិត្ត សុខដុមនីយកម្មសាសនា ដើម្បីឆ្ពោះទៅរកការរីកចម្រើន និងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ។  រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មរវាងសាសនិកនៃគ្រប់និកាយសាសនា  ប្រឆាំងរាល់ទង្វើរើសអើងនានា ​ សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា ។

ជាចុងក្រោយ សម្តេចមហាបវរធីបតី បានលើកទឹកចិត្តដល់សហគមន៍ឥស្លាមកម្ពុជាឱ្យបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលនូវមុខជំនាញ វិជ្ជាជីវៈ និងបចេ្ចកវិជ្ជាផ្សេងៗ ដើម្បីបងប្អូនខ្មែរឥស្លាម ទទួលបាននូវការងារសមស្រប ធ្វើឱ្យជីវភាពគ្រួសារ និងសង្គមជាតិ កាន់តែប្រសើរឡើងថែមទៀត ៕

ដោយ៖ សិលា

 

 

 

 


ចែករំលែក៖