ភ្នំពេញ ៖ អនុវត្តតាមបទដ្ឋានគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព កាលពីម្សិលមិញ នគរបាលជាតិក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបាន៣៩ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៩៥នាក់ចាត់នីតិវិធីតាមច្បាប់បន្ត។
លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ករណីព្រហ្មទណ្ឌបង្ក្រាបបានចំនួន១១ករណី ឃាត់ខ្លួនបាន១៣នាក់។ ករណីព្រហ្មទណ្ឌ រួមមាន លួច៥ករណី អំពើហិង្សា៤ករណី រំលោភសេពសន្ថវៈ១ករណី និងឆក់១ករណី ដោយកើតឡើងក្នុង៩រាជធានីខេត្ត ដូចជា ភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន កំពង់ស្ពឺ តាកែវ ព្រៃវែង ត្បូងឃ្មុំ ស្ទឹងត្រែង និងខេត្តបាត់ដំបង។
ចំណែកឯ ករណីគ្រឿងញៀនវិញ អ្នកនាំពាក្យរង បន្តថា ក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន១៩ករណី ឃាត់ខ្លួនបាន៣៨នាក់ និងរឹបអូសសារធាតុសង្ស័យគ្រឿងញៀនចំនួន២គីឡូក្រាម និង១២៦,៩១ក្រាម។ កញ្ឆាក្រៀម០,៥០ក្រាម និងគីមីផ្សំ១៩០,២៤ក្រាម។ ករណីទាំងនេះ បានកើតឡើងក្នុងភូមិសាស្ត្រ៨រាជធានីខេត្ត និងក៏មានការចូលរួមបង្ក្រាបដោយមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។ ជាលក្ខណៈពិសេសនៅ រាជធានីភ្នំពេញ នគរបាលជាតិបង្ក្រាបការជួញដូរគ្រឿងញៀនបាន២គីឡូក្រាម និង០,៩៨ក្រាម ដោយឃាត់ខ្លួនជនជាតិចិនចំនួន២៦នាក់។
ចំពោះសកម្មភាពក្មេងទំនើងវិញ នគរបាលជាតិ បង្ក្រាបបាន៨ករណី ឃាត់ខ្លួន១៦នាក់។ អ្នកនាំពាក្យរង បញ្ជាក់ថា នៅរាជធានីភ្នំពេញចំនួន៦ករណី ឃាត់ខ្លួន១២នាក់ ខេត្តកណ្ដាល១ករណី ឃាត់ខ្លួន៣នាក់ និងខេត្តត្បូងឃ្មុំ១ករណី ឃាត់ខ្លួន១នាក់។ នៅថ្ងៃដដែលនេះដែរ នគរបាលជាតិ ក៏បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅខេត្តកំពតចំនួន១ករណី ឃាត់ខ្លួន១នាក់ ប៉ុន្តែមិនកសាងសំណុំរឿងទៅតុលាការទេ ត្រឹមចាត់វិធានការរដ្ឋបាល ពោលគឺ អប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មប្រព្រឹត្តិ។
ការបង្ក្រាបបទល្មើសទូទៅ គឺជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញកាលពីដើមអាណត្តិទី៧នេះ តាមគោលការណ៍«សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងទស្សនៈរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕
អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ