ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា នៅប្រាសាទអង្គរវត្ត កាលពីម្សិលមិញនេះ មានភ្ញៀវចូលមកទស្សនាថ្ងៃរះចំកណ្តាលប្រាសាទចំនួន ១០ ១៥៤ នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ២ ៥៧៥នាក់ និងភ្ញៀវខ្មែរចំនួន ៧ ៥៧៩នាក់ ដេីម្បីផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្ត ដែលព្រះអាទិត្យរះឡើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី។
ព្រឹត្តិការណ៍សមរាត្រី ( Equinox ) ដ៏អស្ចារ្យ ដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត រៀងរាល់ឆ្នាំព្រឹត្តិការណ៍សមរាត្រី តែងតែកើតមាន ២ដង គឺនៅចន្លោះថ្ងៃទី២០-២២ ខែមីនា និងចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា។
សូមជម្រាបជូនថា បន្ទាប់ពីអបអរសាទរពិធីបុណ្យទន្លេលើកទី ៨ រយៈពេលបីថ្ងៃនៅលើទឹកដីនៃក្រុងសៀមរាប បានបញ្ចប់ទៅដោយភាពជោគជ័យ ដែលមានប្រជាជន ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តយ៉ាងច្រើនកុះករពោរពេញដោយក្តីសប្បាយរីករាយ។ ខេត្តសៀមរាប មានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀត គឺព្រឹត្តិការណ៍សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថាជាពេលវេលាដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងទាក់ទាញ ទេសចរជាតិ និងអន្ដរជាតិមកកំសាន្ដនៅខេត្តសៀមរាបកាន់តែច្រើនស្របតាមយុទ្ធនាការណ៍ “ទស្សនាសៀមរាប ឆ្នាំ២០២៤”។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍សមរាត្រីអង្គរឆ្នាំ ២០២៤ នេះ ក្រសួងទេសចរណ៍បានរៀបចំ “ការប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈ” ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ ទេសចរអន្ដរជាតិ និងមហាជន ចូលរួមប្រកួតថតរូបព្រឹត្តិការណ៍សមរាត្រីអង្គរដែលស្អាត នឹងមានឱកាសទទួលបានរង្វាន់ចាប់ពី ១ លានរៀល ដល់ ៣លានរៀល ព្រមទាំងលិខិតសរសើរផងដែរ៕
ដោយ៖ តារា