ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ អញ្ជើញបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២។
«ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ត្រូវបានផ្តួចផ្តើមរៀបចំឡើងពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដោយកំណត់យកថ្ងៃទី២៦ ខែមីនា ជាថ្ងៃសម្រាប់ប្រារព្ធទិវានេះឡើង។ «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី១ ត្រូវបានប្រារព្ធឡើងនៅឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។
«ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២ បន្តរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល៣ថ្ងៃ។ វត្តមានសម្ដេចធិបតីនាយករដ្ឋមន្ត្រីបើកវេទិកានេះ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការផ្តល់តម្លៃខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាឧបករណ៍យុទ្ធសាស្ត្រមួយ ក្នុងការឈានទៅសម្រេចបានចក្ខុវិស័យ កម្ពុជាក្លាយជាប្រទេសមួយមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំនេះ ក្រសួងបានជ្រើសយកប្រធានបទ «សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ក្នុងគោលបំណងជំរុញផលិតភាពរបស់សហគ្រាសឯកជន តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និងគុណតម្លៃបន្ថែម។
លោករដ្ឋមន្ត្រី ក៏បានឱ្យដឹងផងដែរថា ព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មានរយៈពេលបីថ្ងៃនេះ មានគោលបំណងសំខាន់ចំនួន៤រួមមាន៖ ទី១) បណ្តុះស្មារតីស្រឡាញ់ និងការស្វែងយល់អំពីវិទ្យាសាស្ត្រ តាមរយៈការពិសោធន៍ដោយផ្ទាល់, ទី២) ជំរុញកិច្ចសហប្រតិបត្តិការរបស់តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីចាប់យកសក្ដានុពល នៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ទី៣) បំផុសឱ្យមានការយល់ដឹងស៊ីជម្រៅអំពីតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងចំណោមតួអង្គធ្វើគោលនយោបាយ សិក្សាស្រាវជ្រាវ និងវិស័យឯកជន និងទី៤) បញ្ជ្រាបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញផលិតភាព និងវឌ្ឍនភាពដល់សហគ្រាសធុនតូចនិងមធ្យម។
បើតាមលោករដ្ឋមន្ត្រី ទិវាជាតិលើកទី២នេះ មានព្រឹត្តិការណ៍អមចំនួន ៥ រួមមាន៖ (១) ពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល, (២) ពិព័រណ៍វិទ្យាសាស្ត្រ, (៣) វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា, (៤) ពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម, និង (៥) កម្មវិធីប្រកាសចាប់ផ្តើម «ពានរង្វាន់នវានុវត្តន៍សម្រាប់វិស័យសាធារណៈ»។
ក្នុងនោះកម្មវិធីពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល នឹងមានការតាំងបង្ហាញឧបករណ៍ និង/ឬបច្ចេកវិទ្យាផ្សេងៗដែលបម្រើឱ្យការអភិវឌ្ឍផលិតកម្ម ជាពិសេសសម្រាប់សហគ្រាសធុនតូចនិងមធ្យម រួមមាន៖ ម៉ាស៊ីនគ្រឿងយន្ត គ្រឿងឧបករណ៍គាំទ្រសហគ្រាសពាក់ព័ន្ធ ផលិត ឬផ្គត់ផ្គង់ វត្ថុធាតុដើម ប្រឹក្សាយោបល់ផ្នែកវិស្វកម្ម ការថែទាំ ជួសជុល និងបណ្តុះបណ្តាល ប្រឹក្សាបទបញ្ញត្តិ សហគ្រាសធុនតូច និងមធ្យម និងដំណោះស្រាយឌីជីថល និងហិរញ្ញវត្ថុ។
កម្មវិធីនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែមីនា ឆ្នាំ២០២៤ ដោយបើកជូនសាធារណៈជន ជាពិសេសអាជីវករដែលជាតំណាងមកពីសហគ្រាសធុនតូច និងមធ្យមជាដើម។ ស្តង់តាំងពិព័រណ៍មានចំនួន ២២៨ និងស្តង់ម្ហូបអាហារ និងភេសជ្ជៈចំនួន ១៥។ អ្នកចូលរួមតាំងពិព័ណ៌រួមមាន៖ ស្ថាប័ន សាធារណៈ វិស័យឯកជន ដែលមានភាគច្រើនជាសហគ្រាសធុនតូចនិងមធ្យម គ្រឹះស្ថានអបរំ និងឧត្តមសិក្សា ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍៕
ដោយ៖ តារា